ណាហ្គា​រើស​បាន​កីឡាករ​វ័យក្មេង​១០​នាក់​ពី​ការប្រកួត​យុវជន​នៅ​កំពង់ស្ពឺ​

(​កំពង់ស្ពឺ​)៖ លោក មាស ចាន់ណា គ្រូ​បង្គោល​ក្លិប​ណាហ្គា​វើ​លដ៍ ឲ្យ​ដឹងថា កីឡាករ​វ័យក្មេង​ចំនួន​១០​រូប​ត្រូវបាន​ចម្រាញ់​ចេញពី​ការប្រកួត​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ២០១៩​នៅ​ខេត្តកំពង់ស្ពឺ ដែលជា​គម្រោង​របស់​ក​ម្ម​វិធី​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរសធម៌​។​

​គ្រូបង្វឹក​ក្រុម​ជើងឯក​ក្របខណ្ឌ Metfone Cambodian League 2018 ឲ្យ​ដឹងថា យុវជន​ទាំង​១០​នាក់​នោះ​នឹងចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​ណាហ្គា​ចំនួន​២​សប្ដាហ៍ ហើយ​ប្រសិនបើ​នរណា​អាច​បង្ហាញ​សមត្ថ​ភាពល្អ នឹងមាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​។​

​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​រៀបរាប់ ៖ “​ឆ្លងកាត់​ការជ្រើសរើស​ហ្នឹង យក​រកបាន​១០​នាក់​។ ចំពោះ​ការ​ចម្រាញ់​មួយតង់​ទៀត យើង​មិន​កំណត់​ទេ បើ​ជាប់​ទាំង​១០ យើង​នឹង​យក​ទាំង​១០ ហើយ​គាត់​ក៏មាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​មួយ​សប្ដាហ៍​”​។​

​គួរ​ដឹង​ដែរ​ថា ការប្រកួត​បាល់ទាត់​យុវជន​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​នៅ​ខេត្តកំពង់ស្ពឺ​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣១ ខែមករា ដោយមាន​ការចូល​ក្រុម​បុរស​១៩​ក្រុម និង​ក្រុម​នារី​៩​ក្រុម​។

​ចំណែក​ពិធី​ប្រគល់​រង្វាន់​ដល់​ម្ចាស់​ជ័យលាភី​បាន​ប្រព្រឹត្តទៅ​នាពេល​ថ្មីៗ​នេះ​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ស្ពឺ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ​, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​, លោក ថន ថា​រិ​ន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ​, លោក Phen Chen នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍​, លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

ជា​លទ្ធផល​សម្រាប់​ក្រុម​បុរស ជើងឯក​បាន​ទៅលើ​វិទ្យាល័យ​កំពង់ស្ពឺ​, លេខ​២​បាន​ទៅលើ​វិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច និង​លេខ​៣ បាន​ទៅលើ​វិទ្យាល័យ វាល​ពង់​។ សម្រាប់​ក្រុមកីឡា​ការិនី​វិញ លេខ​១​បាន​ទៅលើ​វិទ្យាល័យ​អន្លង់​ជ្រៃ​, លេខ​២​បាន​ទៅលើ​វិទ្យាល័យ​​ឱ​រ៉ា​ល់ និង​លេខ​៣​បាន​ទៅលើ​វិទ្យាល័យ​វាល​ពង់​៕