ក្មេងប្រុស​អភ័ព្វ​ម្នាក់​ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​នៅក្នុង​គំនរ​សំរាម​

(​ភ្នំពេញ)​៖ ក្មេងប្រុស​អាយុ​ជាង​១​ឆ្នាំ​ម្នាក់ ត្រូវ​ប្រពល​រដ្ឋ​ប្រទះឃើញ​ស្រែក​ទ្រហោយំ វារ​ចេញ​មកពី​ក្នុង​គំនរ​សំរាម នៅក្នុង​ដីឡូត៍​មួយកន្លែង​គួរឱ្យ​សង្វេគ សង្ស័យ​ត្រូវ​ឪពុកម្ដាយ​យកមក​បោះបង់ចោល​។​

​ហេតុការណ៍​ដ៏​កំសត់​មួយ​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​ត្រង់ចំណុច​ក្នុង​ដីឡូត៍​មួយកន្លែង​ក្បែរ​គល់ស្ពាន​អាកាស​៥​មករា​ផ្នែក​ខាងកើត ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​អស់​រយៈពេល​ជាង​៣​ម៉ោង​មិនឃើញ​មាន​ឪពុកម្ដាយ​ឬ​សាច់ញាតិ​ក្មេងប្រុស​នោះ​ណា​ម្នាក់ មក​តាមរក​ក្មេងប្រុស​នោះទេ​។​

​សមត្ថកិច្ច​ក៏​សម្រេច​នាំ​ក្មេងប្រុស​នោះ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ដើម្បី​ទាក់ទង​ទៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​ឱ្យមក​ទទួល​យកទៅ​មើលថែទាំ​៕