ចំណូល​ពី​ការលក់ សំបុត្រ​ចូល​ទស្សនា តំបន់​អង្គរ​ក្នុង​ខែមករា ថយចុះ​

(​ភ្នំពេញ) ៖ ក្នុង​ខែមករា​ដើមឆ្នាំ ២០១៩​នេះ គ្រឹះស្ថាន​អង្គរ​ដែលជា​អ្នកទទួល​លក់​សំបុត្រ​និង​ប្រមូល​ថវិកា​ពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​បរទេស​និង​ចំណូល​មានការ​ធ្លាក់ បើ​ធៀប​នឹង​គ្រា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​កន្លងមក ។

​បើតាម​តួលេខ​បង្ហាញ​ដោយ​គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់ថា ក្នុង​ខែមករា ចំណូល​ដែល​បានមកពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវ ទេសចរ​បរទេស ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​១២,៣៨​លាន​ដុល្លារ ធ្លាក់ចុះ​៨,១៥% ក្នុងនោះ ភ្ញៀវ​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន​២៧១.០៥០​នាក់ ធ្លាក់ចុះ​៨,០៦% ធៀប​នឹង​ខែមករា ឆ្នាំ ២០១៨​កន្លងទៅ ។ តែ​យ៉ាងណាក៏ដោយ តួលេខ​ថយចុះ​ក្នុង​ខែមករា ឆ្នាំ​២០១៩​នេះ ហាក់​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ ពោល​គឺមាន​ភាពខុសគ្នា​តិចតួច​ប៉ុណ្ណោះ ហើយ​បើ​ធៀប​នឹង​ខែធ្នូ ឆ្នាំ ២០១៨​វិញ ឃើញថា ការលក់​ប័ណ្ណ និង​ចំណូល​ដែល​បានមកពី​រមណីយដ្ឋាន​អង្គរ ក្នុង​ខែ មករា​ឆ្នាំ ២០១៩​កើនឡើង​ទៅវិញ ។ ដូច្នេះ​ភ្ញៀវទេសចរ​បរទេស​នៅតែ​បន្ត​មក​ទស្សនា​កម្ពុជា​ជា​បន្ដបន្ទាប់ ។

​តាម​ស្ថិត​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា កាលពី​ខែមករា ឆ្នាំ​២០១៨ កម្ពុជា​រក​ចំណូល​ពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​បរទេស​បាន​រហូតដល់​ជាង​១៣,៤៧​លាន​ដុល្លារ ខណៈ​ប័ណ្ណ​ដែល​បាន​លក់​ទៅ​ភ្ញៀវ​បរទេស​មាន​ចំនួន​ដល់​ទៅ ២៩៤.៨១៣​ប័ណ្ណ ។​

​យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​បង្ហាញ​ផងដែរ បច្ចុប្បន្ន​ចិន គឺជា​អ្នក​ឈរ​លំដាប់​កំពូល ជា​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា នៅក្នុង​តំបន់​អង្គរ និង​ប្រទេស​កម្ពុជា ដែល​បាន​ជំរុញ​ឲ្យ​កម្ពុជា និង​ចិន​បង្កើន​ជើងហោះហើរ​ត្រង់​បន្ថែមទៀត ពី​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​ទាំងបី និង អាកាសយានដ្ឋាន​ជាច្រើន​ទៀត​របស់​ចិន ជាក់ស្ដែង កា​ពី​ខែមករា​មុននេះ​ជើងហោះហើរ​ថ្មី​មួយ​របស់​ចិន​ចេញពី​ទីក្រុង​ប៉េកាំង ក៏បាន​ហោះ​ត្រង់​មកកាន់​អាកាស​ដ្ឋា​ន​ភ្នំពេញ​របស់​កម្ពុជា​ផងដែរ ដើម្បី​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ចិន​មកកាន់​កម្ពុជា ទាំង​វិនិយោគិន និង​ទេសចរ ហើយក៏​ដឹកជញ្ជូន​អ្នកដំណើរ​ពី​កម្ពុជា ទៅកាន់​ទីក្រុង​ប៉េកាំង​រដ្ឋធានី​របស់​ចិន​វិញ​ផងដែរ ។

​គួររំលឹកថា កាលពី​ឆ្នាំ មុននេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​របស់​កម្ពុជា ទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ដល់​ជាង​១០​លាន​នាក់ ដែលជា​សញ្ញា​វិជ្ជមាន​មួយ​ពី​កំណើន​ភ្ញៀវទេសចរ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​វិនិយោគិន​ដែល​មក​បណ្ដាក់ទុន​ក្នុងប្រទេស​កម្ពុជា​ផងដែរ ។

​លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ធ្លាប់បាន​លើកឡើងថា ខណៈពេល​កម្ពុជា​កំពុង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​មក​ទស្សនា ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួងទេសចរណ៍​ជាដើម គួរតែបង្កើត​រមណីយ​ដ្ឋា​ន​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ពួកគេ​ឲ្យ​ស្នាក់នៅ​យូរថ្ងៃ ដោយ​មិនមែន​ឲ្យ​ពួកគេ​ហោះ​ពី​ប្រទេស​គេ​មកហើយ បានត្រឹមតែ​មើល​អង្គរ​ហើយក៏​ត្រឡប់​ទៅវិញ​នោះទេ ។ ការពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុងការ​ស្រូបយក​ចំណូល​បន្ថែម​ពី​ទេសចរ​ទេស​ទាំងនោះ ពីព្រោះ​ពួកគេ​ត្រូវការ​ចំណាយ​ថ្លៃ​ហូបចុក ស្នាក់នៅ និង​ថ្លៃ​ធ្វើដំណើរ​ជាដើម ។

​ដោយឡែក​លោក​ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នៅ​កម្ពុជា នៅតែ​ប្រកាន់ខ្ជាប់​បញ្ហា​សំរាម និង​សណ្ដាប់ធ្នាប់​ជា​កត្តា​សំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​លេង​កម្ពុជា​កាន់តែច្រើន ដោយ​លោក​បានស្នើ​ដដែលៗ​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​តំបន់​រមណីយដ្ឋាន​ល្បីៗ​ដើម្បី​ទាក់ភ្នែក​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ៕​