ប៉ូលិស​កំពុង​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​លើ​ដង​ផ្លូវ ព្រោះ​តែ​ការ​មិន​គោរព​ច្បាប់

១. ព្រឹក​នេះ ប៉ូលិស​បើក​យុទ្ធនាការ​ចុះចាប់​អ្នក​ជិះ​អត់ពាក់មួយកសុវត្ថិភាព

២. យុទ្ធនាការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ធ្វើ​រហូត​ដល់​អ្នក​បើកបរ​ យល់​ដឹង​ពី​ច្បាប់​

៣. អនុវត្តន៍​ច្បាប់​ចរាចរណ៍​ជើងគោក ត្រូវ​ធ្វើ​ឡើង​ដោយ​ស្មើភាព​គ្នា គ្មាន​ការ​យោគយល់​អ្នក​តូច អ្នកធំ

បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា​ជំងឺ​មហារីក ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣ ទៅ ៥នាក់​ជា​រៀងរាល់​ថ្ងៃ? ដូច្នេះ​ហើយ​ព្រឹកមិញ​នេះ សមត្ថកិច្ច​បាន​​បើក​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី ក្នុង​គោល​ដៅ​ឲ្យ​គ្រប់​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ផង និង​ចង់​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង។

នាយ​ឧត្ដមសេនីយ៍​ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ថ្ងៃ​នេះ​ក្រុម​នគរបាល​​ចរាចរណ៍ បាន​សហការ​ជាមួយ​កម្លាំង​ផ្សេង​ៗ ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ជើង​គោក ដែល​ក្នុង​១ថ្ងៃ​ ធ្វើ​២ ខណ្ឌ​ស្មើ​នឹង ៧ក្រុម មាន​រយៈពេល​ ៦ថ្ងៃ​ ទុក​មួយ​ថ្ងៃ​ឲ្យ​សមត្ថកិច្ច​សម្រាក ហើយ​វិល​ជុំ​រហូត​ដល់​ ១២ខណ្ឌ​ ក្នុង​រាជធានី។

«យើង​ធ្វើ​វា​ជា​បន្ត​រហូត​ដល់​បងប្អូន​អ្នក​បើកបរ​យល់​អំពី​ច្បាប់​ វា​ជា​វិធានការណ៍​រឹត​បន្តឹង​ច្បាប់​ផង និង​អប់រំ​ផង។ យើង​​អប់រំ​យូរ​ហើយ​ ប៉ុន្តែ​អ្នក​បើកបរ​មួយ​ចំនួន​នៅ​តែ​មិន​គោរព​ច្បាប់​ដូចជា​ជិះ​បញ្ច្រាស​ជាដើម។ ការ​ផ្លាស់​ប្ដូរ​ទម្លាប់​មិន​ងាយ​ទេ ដូច្នេះ​ហើយ​ទើប​យើង​ធ្វើ​ការងារ​នេះ​ជា​ប្រចាំ ដើម្បី​ឲ្យ​គ្រប់​គ្នា​គោរព​ច្បាប់»។ នាយ​ឧត្ដមសេនីយ៍​ ជួន សុវណ្ណ ប្រាប់​Sabay តាម​ទូរសព្ទ។

ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី ២០១៥ បាន​ទុក​ពេល​មួយ​ឆ្នាំ​ សម្រាប់​ការ​អប់រំ​ រហូត​ដល់​ឆ្នាំ​ ២០១៦ បាន​ផ្ដើម​វិធានការ​អនុវត្តន៍ រហូត​មក​ដល់​ពេល​សព្វថ្ងៃ។ ឆ្នាំ ២០១៨​នេះ អាច​ចាត់​ទុក​ថា ជា​ឆ្នាំ​ទី ៣ នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក។

បើ​ផ្អែក​តាម​លទ្ធផល​ត្រួត​ពិនិត្យ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ឆ្នាំ​២០១៧ បង្ហាញ​ថា នៅ​ទូទាំង​ប្រទេស បាន​កើតឡើង ចំនួន ៣៥៣១ លើក បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ១៧៨០ នាក់ និង​របួស​ចំនួន ៥៥៣៩ នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​ស្លាប់ ១៦៨ នាក់ ខេត្ត​កណ្ដាល​ចំនួន ១៦០ នាក់ និង​ខេត្ត​កំពង់ធំ ១២៤ នាក់។ ចំនួន​ជន​រងគ្រោះ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ ស្លាប់ ចំនួន ៤,៩ នាក់ និង​របួស​ចំនួន ១៥,២ នាក់។ មូលហេតុ​បណ្ដាល​មកពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ ៣៦% មិន​គោរព​សិទ្ធិ ១៧% មិន​ប្រកាន់​ស្តាំ ១៣% វ៉ា​ជែង ១០% បត់ ១០% ស្រវឹង ៩% កត្តា​យាន​យន្ត ៣% និង​ងងុយ ១%។

ការជិះបញ្ច្រាស​នៅតែមាន​ បើទោះ​បី​មាន​ការ​អប់រំ និង​រឹតបន្ដឹងច្បាប់​ចរាចរណ៍​យ៉ាង​ណា​ក្ដី

ការណ៍​ដែល​អ្នក​បើកបរ​នៅ​មិនទាន់​គោរព​ច្បាប់​ចរាចរណ៍​នេះ​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ ព្រោះ​តែ​ទម្លាប់​អាក្រក់​របស់​មនុស្ស​មួយ​ចំនួន​ផង និង ការ​មើល​បណ្ដាំ​គ្នា ជាដើម។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម ធ្លាប់​ប្រាប់​ Sabay ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ល្គឹក​ណា អនុវត្តន៍​លើ​អ្នក​ធំ​ជាមុន​សិន។ ន័យ​ត្រង់​នេះ​ លោក​ចង់​សំដៅ​ដល់​វប្បធម៌ មើល​បណ្ដាំ​គ្នា​ «អ្នក​តូច​មើល​អ្នក​ធំ»។ ម៉្លោះ​ហើយ​ភាព​ជា​គំរូ​សំខាន់​ ញុំាង​ឲ្យ​ការ​អនុវត្តន៍​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ឧត្ដម​សេនីយ៍ ជួន សុវណ្ណ បាន​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​ស្មើ​គ្នា។ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា ដូច្នេះ​មិន​មាន​ការ​យោគយល់​ដល់​នរណា​មួយ​ឡើយ​ប្រសិន​បើ​មាន​ការ​ប្រព្រឹត្តទៅ​ខុស​នឹង​ច្បាប់​ ដែល​មាន​ចែង។ ដូច្នេះ​ការ​អនុវត្ត​ច្បាប់​នឹង​ធ្វើ​រហូត​ដល់​អ្នក​បើកបរ​មាន​ការ​យល់​ដឹង និង ផ្លាស់​ប្ដូរ​ឥរិយាបថ​ នៅ​លើ​ដង​ផ្លូវ ដែល​ការ​អនុវត្ត​នេះ​ក៏​ចង់​បង្ហាញ​ឲ្យ​ភ្ញៀវ​ជាតិ និង អន្តរជាតិ ឃើញ​ថា នៅ​លើ​ដង​ផ្លូវ​ អ្នក​បើកបរ​គោរព​ច្បាប់​ចរាចរណ៍។

ទោះ​យ៉ាង​ណា​ក៏ដោយ​ គេ​សង្កេត​ឃើញ​ថា វិធានការណ៍​តឹង​រឹង​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​ កើត​មាន​បន្ទាប់​ពី​មាន​បន្ទាប់​ពី​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​បញ្ជា​តាម​ចាប់​​ឲ្យ​បាន​ រាល់​អ្នក​បើក​បរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ មក​ពិន័យ​តាម​ច្បាប់។ប្រភពសប្បាយ