រាជរដ្ឋាភិបាល គ្រោង​សង់រោង​ចក្រ​វា​រី​អគ្គិសនី​ថ្មី​បន្ថែមទៀត​

(ភ្នំពេញ) ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ពេលនេះ​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការសាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ថ្មី​មួយ​បន្ថែមទៀត​នៅ​ខេត្តពោធិ៍សាត់​ដែលមាន​អានុភាព​៨០​មេ​ហ្គា​វ៉ា​ត់ ដែល​អាច​នឹង​ចាប់ផ្ដើម​សាងសង់​នៅក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ និង​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នានា ព្រមទាំង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ ។

​លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ម្សិលមិញ​ថា រាជរដ្ឋាភិបាល​កំពុង​ចរចា​តម្លៃ​ថ្លៃ​លក់​អគ្គិសនី​ត្រឡប់មកវិញ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន និង​កូរ៉េ​ក្នុងតម្លៃ​ចន្លោះ​ពី​៧​ទៅ​៨​សេន ក្នុង​១​គីឡូវ៉ាត់ម៉ោង​។ លោក​បន្តថា ប្រសិនបើ​ភាគី​ទាំង​២​ចរចា​ត្រូវ​គ្នា​ហើយ​នោះ អាច​ឈានទៅ​អភិវឌ្ឍន៍​បង្កើត​រោងចក្រ​វា​រី​អគ្គិសនី​នាពេល​ឆាប់ៗ​នេះ ពោល​គឺអាច​នៅក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​គ្រោង​ប្រើ​រយៈពេល​សាងសង់​ក្នុង​ចន្លោះ ​៣ទៅ​៤​ឆ្នាំ ។​

​លោក​បាន​បញ្ជាក់ទៀតថា ការអភិវឌ្ឍ​វា​រី​អគ្គីសនី​ស្ទឹង​ពោធិ៍សាត់​បន្ថែម​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ផង និង​លើ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម ផ្សេងៗ​ទៀត ព្រមទាំង​ធានា​ដល់​សន្តិសុខ​ថាមពល​ក្នុងស្រុក​ផង និង​ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​ប្រភព​ថាមពល​អគ្គិសនី​ពី​បរទេស​ផងដែរ ។​

​អ្នកនាំពាក្យ​រូបនេះ​បាន​អះអាងថា ៖« តាម​ការសិក្សា​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​នេះ អាច​ចំណាយ​ថវិកា​រហូតដល់​ជាង​១៦០​លាន​ដុល្លា​អាមេរិក ដោយមាន​អានុភាព​រហូតដល់​៨០​មេ​ហ្គា​វ៉ា​ត់ ហើយ​ផ្នែក​ផលប៉ះពាល់​គឺ​តិចតួច​ បំផុត»​។ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ធ្លាប់បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​មាន​ផែនការ​បន្ថែម​ប្រភព​ថាមពល​អគ្គិសនី​គ្រប់​ប្រភេទ អភិវឌ្ឍន៍​ខ្សែបណ្តាញ​ជាតិ​ឲ្យ​បាន​គ្រប់​ខេត្ត​និង​រាជធានី និង​ធ្វើ​ខ្សែ​ចែកចាយ​ឲ្យ​បាន​គ្រប់​ភូមិ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​២០២០ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​មកដល់ពេលនេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន​៧​កន្លែង​ហើយ​គឺ វា​រី​អគ្គិសនី​អា​តៃ​, ឫស្សី​ជ្រុំ​, កំចាយ​, គីរីរម្យ​១, គីរីរម្យ​៣, វា​រី​អគ្គិសនី​តា​តៃ និង​មួយកន្លែង​ទៀត​គឺ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិតនៅ​ខេត្តស្ទឹងត្រែង​ដែល​ទើប​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កាលពីពេល​ថ្មីៗ​នេះ ។ នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ការបញ្ចុះ​តម្លៃ​អគ្គិសនី​,​ការរៀបចំ​តំបន់ឧស្សាហកម្ម​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ប្រែក្លាយ​ពី​ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​អតិពលកម្ម ទៅជា​កម្លាំង​ពលកម្ម​ជំនាញ​ដែល​អាចបង្កើត និង​ទាញយក​តម្លៃបន្ថែម​កាន់​តែ ​ច្រើន។​

​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​កន្លងមក​ថា តម្រូវការ​ថាមពល​អ​គ្គិ​ស​នី​នៅ​កម្ពុជា​ពិតជា​ត្រូវការ​កាន់តែច្រើន​ទៅៗ​ហើយ ដោយសារ​កម្ពុជា​កំពុងអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ព្រោះ​វិស័យ​អ្វី​ក៏ត្រូវ​ការ​អគ្គិសនី​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ខ្សែសង្វាក់​ផលិតកម្ម​បាន​រលូន ។​

​ទោះបីយ៉ាងណា លោក​ថ្លែងថា ៖« ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នៅមាន​តម្លៃ​ថ្លៃ​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេសជិតខាង ប៉ុន្តែ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​ផ្តោត​អាទិភាព​លើ​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី​ផងដែរ »​។​

​គួរ​បញ្ជាក់ថា តម្លៃ​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៩​នេះ សម្រាប់​ការប្រើប្រាស់​ចេញពី​បណ្ដាញ​ជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជាថ្មី ក្នុងនោះ ការប្រើប្រាស់​អស់​ចាប់ពី ១​គីឡូវ៉ាត់ម៉ោង​ដល់ ១០​គីឡូវ៉ាត់ម៉ោង មានតម្លៃ​៣៨០​រៀល​/kwh, ប្រើប្រាស់​អស់​ចាប់ពី​១១​ដល់​៥០kwh មានតម្លៃ ៤៨០​រៀល​, ប្រើប្រាស់​អស់​ចាប់ពី​៥១​ដល់​២០០kwh តម្លៃ​៦១០​រៀល និង​ប្រើប្រាស់​លើសពី​២០០kwh នឹងមាន​តម្លៃ ៧៤០​រៀល​/kwh ៕​