លោក សម រង្ស៊ី ថា លោក ហ៊ុន សែន នឹង​មាន​វាសនា​មិន​ខុស​ពី​មេដឹកនាំ​ប្រទេស​ហ្ស៊ីមបាវ៉េ

            លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ថ្លែង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មាន​វាសនា​មិន​ខុស​ពី​អតីត​ប្រធានាធិបតី​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) លោក រ៉ូប៊ើត មូហ្គាបេ (Robert Mugabe) ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន រ៉យទ័រ (Reuters) កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ លោក សម រង្ស៊ី ដែល​ទើប​ប្រកាស​វិល​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​វិញ បាន​លើក​ឡើង ថា​ប្រទេស​កម្ពុជា​ឈាន​ដល់​របត់​នៃ​ការ​ផ្លាស់ប្ដូរ​ធំ​មួយ​ហើយ ដោយសារ​ប្រជាពលរដ្ឋ បាន​ធុញ​ទ្រាន់ និង​ឆ្អែតឆ្អន់​ទៅ​នឹង​លោក ហ៊ុន សែន។ លោក​បន្ត ថា​អ្វី​ដែល​កំពុង​កើតមាន​ទៅលើ​មេដឹកនាំ​ផ្ដាច់ការ ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​លើ​ពិភពលោក​នេះ គឺ​លោក រ៉ូប៊ើត មូហ្គាបេ នេះ គឺ​កាន់តែ​លើក​ទឹកចិត្ត ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា។ ប្រភព​ដដែល​បញ្ជាក់​ថា លោក សម រង្ស៊ី ដែល​លោក ហ៊ុន សែន បបួល​ច្រើន​សា ឲ្យ​វិល​ត្រឡប់​មក​ចូល​គុក​នៅ​ស្រុក​ខ្មែរ​វិញ​ឲ្យ​ឆាប់ៗ កុំ​នៅចាំ​យូរ​នោះ លើក​ឡើង​ថា ឥឡូវនេះ​លោក មូហ្គាបេ ធ្លាក់​ចេញពី​តំណែង​ហើយ។ ហើយ​មិន​យូរ​មិន​ឆាប់ នឹង​ដល់​វេន​របស់​លោក ហ៊ុន សែន ម្ដង។

លោក សម រង្ស៊ី មិន​បាន​បញ្ជាក់ អំពី​ថា​តើ​លោក ហ៊ុន សែន នឹង​ត្រូវ​ទម្លាក់​ចេញពី​តំណែង ដោយ​របៀប​ណា​នោះ​ទេ។ ក៏ប៉ុន្តែ លោក មូហ្គាបេ ដែល​ដឹកនាំ​តាមរបៀប​ផ្ដាច់ការ អស់​រយៈពេល​ជាង ៣៧​ឆ្នាំ ត្រូវ​បាន​កងកម្លាំង​យោធា​ហ្ស៊ីមបាវ៉េ ទម្លាក់​រូប​លោក​តាមរយៈ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា។

នៅ​លើ​ពិភពលោក មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​បំផុត នៅ​សល់តែ​លោក ហ៊ុន សែន មួយ​ប៉ុណ្ណោះ បន្ទាប់ពី​លោក មូហ្គាបេ ធ្លាក់​ចេញពី​អំណាច។ លោក ហ៊ុន សែន កាន់អំណាច​អស់​រយៈពេល​ជាង ៣២ ឆ្នាំ​មក​ហើយ គិត​មក​ត្រឹម​ថ្ងៃនេះ។ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ និង​ជា​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕