អាជ្ញាធរ​កោះកុង ផ្តើម​ដឹក​ទឹក​ចែកជូន​ពលរដ្ឋ​ជាង​១៥០០​គ្រួសារ ខណៈ​ខ្វះ​ទឹកស្អាត​ប្រើ​

(​កោះកុង) ៖ ក្រោយពី​មើលឃើញ​ទុក​លំបាក​របស់​ពលរដ្ឋ​ក្នុង​ក្រុង​ខេមរភូមិន្ទ ដោយ​ខ្វះខាត​ទឹក​ប្រើ​ពុំបាន​គ្រប់គ្រាន់​ជិត​១​ខែ​មកនេះ អាជ្ញាធរ មន្ទីរជំនាញ និង​សមត្ថកិច្ច​ចម្រុះ​ខេត្តកោះកុង ផ្តើម​រៀបចំ​យុទ្ធនាការ​បូមទឹក​ចុះ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្តា​ភូមិ​សង្កាត់​គោលដៅ​នីមួយៗ ខណៈ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ខ្លាំង​។​

​អំឡុងពេល​ចុះ​ចែក​ទឹក​ជូន តាម​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ លោក អន ភារៈ អភិបាលរង​ខេត្តកោះកុង និយាយ កាលពី ល្ងាច​ថ្ងៃទី​១២ ខែកុម្ភៈ​ថា ពលរដ្ឋ រស់នៅ​ភូមិ​៤​ប្រមាណ​១៥០០​គ្រួសារ ជួប​ផល​លំបាក​ខ្វះខាត​ទឹកស្អាត​ខ្លាំងជាងគេ បើ​ធៀប​បណ្តា​ភូមិ និង​សង្កាត់ ផ្សេងទៀត​។ ដូច្នេះ​ទើប​អាជ្ញាធរ​សម​ត្ត​កិច្ច និង​មន្ត្រី​មន្ទីរជំនាញ​របស់លោក រូស​រាន់​បូមទឹក​ពី​អាង​បម្រុង​មាន​បរិ​មាណ ទឹក​ចំនួន​៨​មឺ​ុ​ន​ម៉ែត្រ​គីប​នៅក្បែរ​ផ្លូវជាតិ​លេខ​៤៨ មក​ចែកជូន​ពលរដ្ឋ​។​

​អភិបាលរង​ខេត្ត​រូបនេះ បន្ថែមថា ការចែក​ទឹកសាប​នេះ ត្បិត​មាន​ច្រើន ប៉ុន្តែ​វា​អាច​ដោះស្រាយ​ប្រើប្រាស់​បានជា​បណ្តោះ អាសន្ន​សិន ជៀសវាង​គ្មាន​ទឹក​។ លោក អន ភារៈ ក៏​សុំ​ការ​អធ្យាស្រ័យ​យោគយល់​ពី​ពលរដ្ឋ​ផងដែរ​ចំពោះ​ការខ្វះខាត​ទឹកស្អាត​នៅ​រដូវប្រាំង​ឆ្នាំនេះ ដោយ​អាជ្ញាធរ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ខេត្ត​នៅ​កោះកុង​រៀបចំ​តម្លើង​ម៉ូ​ទ័​រ​បូមទឹក និង​លាង​សម្អាត​អាង​ស្តុ​ប​ទឹក មុននឹង​ចែកចាយ​តាម​បំពង់​ទុយោ​មេ​នៅ​សប្តាហ៍​ក្រោយ​។​

​ក្នុងចំណោម​សង្កាត់​ចំនួន​៣ ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​៤ សង្កាត់​ដងទង់ ភាគច្រើន​ជា​ជនជាតិខ្មែរ​ឥស្លាម​ត្រូវបាន​អាជ្ញាធរ​ទទួល​ការយកចិត្តទុកដាក់​ខ្ពស់​មុនគេ តាមរយៈ​សកម្មភាព​ផ្តល់​ទឹកសាប​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ ខណៈ​ពួកគាត់​រស់នៅ​ជាយក្រុង​មាន​តម្រូវការ​ទឹក​ខ្លាំង​។​

​អាជ្ញាធរ នឹង​បន្ត​បូមទឹក​ដឹក​ជ​ញ្ចូ​ន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​សង្កាត់​ជា​បន្តបន្ទាប់ នៅពេល​ទទួលបាន​របា​យ​ការណ៍​ស្ថិតិ​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើ​។ សកម្មភាព​ការងារ​ចែក​ទឹក​ជូន​ពលរដ្ឋ​នៅ​ភូមិ​៤ គឺ​បាន​ប្រើប្រាស់​រថយន្ត​ពន្លាត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្តកោះកុង និង​អធិការនគរបាល​ក្រុង​ខេមរភូមិន្ទ​ចំនួន​៣​គ្រឿង និង​រថយន្ត​ដឹក​ទឹក​របស់​មន្ទីរ​ធនធាន​ទឹក​ចំនួន​១​គ្រឿង​។​

​អ្នកស្រី ម៉ាត់ គឺ​ម​ឡា និង​លោក រ៉ូ​ហ្វា នី ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​រស់នៅក្នុង​ភូមិ​៤ បានបង្ហាញ​ក្តី​ត្រេកអរ និង​អរគុណ​ដែល​អាជ្ញា​ធរមាន​វិធានការ​ផ្តល់​ទឹក​ដល់​មក​លំនៅដ្ឋាន សម្រាប់​ប្រើ​ជា​បណ្តោះអាសន្ន​សិន ព្រោះ​ពួកគាត់​ខ្វះខាត​ទឹក​ប្រើប្រាស់​ជិត​១​ខែ​ទៅហើយ ធ្វើឱ្យ​លំបាក​យ៉ាងខ្លាំង​ចំពោះ​ការរស់នៅ​ប្រចាំថ្ងៃ​។ ពលរដ្ឋ​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ផងដែរ ធ្វើយ៉ាងណា​ជួយផ្តល់​ទឹកសាប​២​ថ្ងៃ​ម្តង ជៀសវាង​មានតែ​១​ថ្ងៃនេះ​។​

​ពលរដ្ឋ​ខ្មែរឥស្លាម ភូមិ​៤ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ដឹងថា​ខ្វះខាត​ទឹក​ប្រើ ពួកគាត់​ខិតខំ​សន្សំសំចៃ​ទឹក​ណាស់ ព្រោះ​ដាច់​ភ្លើងអគ្គិសនី មិន​លំបាក​ដូច​ការដែល​ដាច់ទឹក​ប្រើ​នោះទេ​។ ពួកគាត់​ស្នើ​ដល់​អាជ្ញាធរ​បន្តធ្វើ​យុ​ទ្ធា​នា​ការចែក​ទឹក​នេះ​រាល់​២​ម្តង​ជូន​ពួកគាត់​ផងដែរ​។

​ជាការ​កត់សម្គាល់ថា រាល់​រដូវប្រាំង​ម្តងៗ ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ពុំ​ធ្លាប់​ជួបប្រទះ​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ខ្លាំង​ដូច​ឆ្នាំ​២០១៩​នេះឡើយ ពោលគឺ​អាង​ស្តុ​ប​ទឹក​ទុក​នៅ​តំបន់​ជ្រោះ​តា​ប៉ន​ផ្តើម​រីងស្ងួត​ខុសពី​ធម្មតា​។ ម្យ៉ាងទៀត កំណើន​ពលរដ្ឋ និង​ក្រុមហ៊ុន​រោងចក្រ​នានា​ប្រើប្រាស់​ទឹកស្អាត​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើ ក៏​ផ្តើមចេញពី​ការ​លួច​ដុត​ព្រៃ​លើដី​ក្បែរ​ផ្លូវជាតិ​លេខ​៤៨ ចំណុច​ជិត​ស្ពាន​ផ្លូវបំបែក​អូរ​ស្រី​ស្រណោះ បង្ក​ឱ្យ​ទុយោ​មេ​ធំ​ចែកចាយ​ទឹក​ទៅ​ក្រុង​ខេមរភូមិន្ទ​ធ្លុះធ្លាយ​ហៀរ​ទឹក​យ៉ាងធ្ងន់ធ្ងរ​។ ទំរាំ​ក្រុមការងារ​ក្រុមហ៊ុន LYP ជួសជុល​រួចរាល់ ប្រើពេល​៣​ថ្ងៃ​ទៀត​៕