ឆ្នាំ​២០១៨ បទល្មើស​ទូទាំងប្រទេស កើតឡើង ២៩៦៩​លើក កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៧

(​ភ្នំពេញ​)៖ បទល្មើស​ជារួម នៅ​ឆ្នាំ​២០១៨ បានកើត​ឡើង ២៩៦៩ លើក កើនឡើង ១៥២​លើក ស្មើនឹង ៥% បើ​ធៀប​នឹង​បទល្មើស​ឆ្នាំ​២០១៧​។ ក្នុងនោះ បទល្មើស​ឧក្រិដ្ឋកម្ម មាន​ចំនួន ៦២១ លើក ប៉ុន្តែ​ក្នុងនោះ នៅ​ឆ្នាំ​២០១៨ បទល្មើស​ដូចជា លួច​មាន​ស្ថាន​ទម្ងន់ ( ប្លន់ ) ឃាតកម្ម បោក និង​បង្កៃ​គ្រាប់បែក មានការ​ថយចុះ​។ រីឯ​បទល្មើស​ម​ជ្ឈឹ​ម នៅ​ឆ្នាំ​២០១៨ មាន​ចំនួន ២៣៤៨ លើក កើនឡើង ១៤៥ លើក ស្មើ ៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង មហាផ្ទៃ​។​

​របាយការណ៍ ដែល​បានបង្ហាញ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​ទិសដៅ ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ បង្ហាញថា បទល្មើស​សរុប ២៩៦៩ លើក នៅ​ឆ្នាំ​២០១៨ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៣៨ នាក់ របួស ៨៤៤ នាក់ រងគ្រោះ ៦១៩ នាក់ បាត​បង់​រថយន្ត ៤៩​គ្រឿង ម៉ូតូ ៣៥៣ គ្រឿង និង​សម្ភារៈ មាសប្រាក់​មួយចំនួនទៀត​។​

​ជាមួយគ្នា​នោះ ក្នុងចំណោម​បទល្មើស ២៩៦៩ លើក ប៉ូលិស​បង្ក្រាបបាន ២៥៩៨ ករណី ស្មើ ៨៧,៥% ឃាត់ខ្លួន ៣៧៤២ នាក់ ( ឧក្រិដ្ឋ ៥២៨ ករណី ស្មើ ៨៥% ឃាត់ខ្លួន ៧៨៤ នាក់ ម​ជ្ឈឹ​ម ២០៧០ ស្មើ ៨៨% ឃាត់ខ្លួន ២៩៥៨ នាក់ ) ក្នុងនោះ បង្ក្រាប​ជាក់ស្តែង ២០៦៩ ករណី ស្មើ ៧០% ឃាត់ខ្លួន ២៩៣៤ នាក់ និង​បង្ក្រាប​ដោយ​ស៊ើបអង្កេត​ក្នុង​រយៈពេល ៥២៩ ករណី ស្មើ ១៨% ឃាត់ខ្លួន ៨០៨​នាក់​។ រឹបអូស​វត្ថុតាង រួមមាន​៖ អាវុធ​វែង ០៩​ដើម ខ្លី ៣៤​ដើម គ្រាប់បែក ០៤​គ្រាប់ ម៉ូតូ ៣៦៥ គ្រឿង រថយន្ត ៤៩​គ្រឿង ឧបករណ៍​ផ្សេងៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ២០​ដើម និង​សម្ភារៈ មាស ប្រាក់​មួយចំនួន​។ ជនល្មើស និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​របាយការណ៍​ដដែល ក៏បាន​កត់សម្គាល់ថា ក្នុងចំណោម​ជនសង្ស័យ ដែល​ឃាត់ខ្លួន ៣៧៤២ នាក់ ពិនិត្យឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន ចំនួន ១១៨៣​នាក់ ស្មើ ៣២%​។ ដោយឡែក នៅ​ឆ្នាំ​២០១៨ ប៉ូលិស​ក៏បាន​អនុវត្ត​ដីកា ៣៥៩ ដីកា​ឃាត់ខ្លួន ៣៤៩​នាក់ ( ឧក្រិដ្ឋ ១០២ ដីកា ឃាត់ខ្លួន ១០២ ដីកា ម​ជ្ឈឹ​ម ២៥៧ ដីកា ឃាត់ខ្លួន ២៤៧ នាក់ )៕