ឃើញ សង្ឃ ហោ សុខុន គង់នៅ​វត្ត​ច្បារអំពៅ​វិញ​ហើយ​!

(​ភ្នំពេញ​)៖ ព្រះសង្ឃ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​បាត់​កាលពី​យប់មិញ គឺ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ គេ​ឃើញ​ព្រះអង្គ នៅក្នុង​វត្ត​ច្បារអំពៅ​វិញ​ហើយ​។​

​ជាមួយគ្នា​នោះ នៅវេលា​ម៉ោង ០៨: ៥០​នាទី មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ បាន​យក ID វិទ្យុទាក់ទង ចំនួន ០៣ គ្រឿង មក​ប្រគេន​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​។​

​សូម​រម្លឹកថា កាលពី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​សេចក្តីរាយការណ៍​ថា ព្រះ​តេជគុណ ហោ សុខុន បាន​បាត់​ពី​វត្ត​ច្បារអំពៅ មិនដឹង​ទៅណា​។​

​កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈសង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ជួប​ព្រះ​តេជគុណ ហោ សុខុន ដើម្បី​ឲ្យ​ព្រះអង្គ​ឈប់​ផ្សាយ​ផ្ទាល់ តាម ហ្វេសប៊ុក ​ពី​រឿង​ប្រទេសជាតិ​តទៅទៀត​។​

​ប៉ុន្តែ​នៅ​ម៉ោង ៧​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ត Live ហ្វេ​ស​ប៊ុ​ក ដោយ​ប្រកាសថា បើ​ជាប់ទោស ក៏​មិន​សុំ​លើកលែងទោស​ទេ​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់​យ៉ាង​ហំ​ហាន​ថា «​អាយុ​៣៤​ឆ្នាំ បើ​ជាប់គុក​១០​ឆ្នាំ ចេញ​វិញ​៤៤​ឆ្នាំ​។ អ្វីដែល​និយាយ​ចេញពី​បេះដូង​។ និយាយ​ទាំង​សើច​ថា មិន​ភ័យ មិន​ខ្លាច​»​។​

​នៅក្នុង​ឃ្លី​ប​វីដេអូ បង្ហោះ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ព្រះ​តេ​ជោ​គុណ ហោ សុខុន បាន​អះអាង​បែប​អ្នកក្លាហាន​ថា ព្រះអង្គ​និយាយ​ប្រថុយស្លាប់ និយាយ​ប្រថុយ​ជាប់គុក​។​

​ជាមួយគ្នា​នោះ ព្រះអង្គ​ក៏បាន​លើកឡើងថា ព្រះអង្គ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រលំ ពីសារ​ របស់ព្រះអង្គ ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​បាន​សរសើរ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ ថា​ជា​ផ្កាយ​សំណាង​។ តែ​ក្នុង​សារ​របស់​ព្រះអង្គ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ ក៏បាន​លើកសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ គឺ​ព្រះឥន្ទ​ធំជាងគេ​ទាំងអស់​។​

​ចំពោះ​សារ​ដែល​គេ​បង្ហោះ​ចែកចាយ ហើយ​នាំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង បញ្ចេញ​ប្រតិកម្ម​នោះ ត្រូវបាន​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ត្រូវបាន​គេ​កាត់ត ហើយ​ផ្សាយ​ក្នុង​បំណង​អាក្រក់ ធ្វើបាប​លើ​ព្រះអង្គ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​ការបាក់​ទេ ហើយ​សម្តេច ស ខេង ក៏​មិន​ទៅ​ដណ្តើម​អំណាច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដូច​ការលើកឡើង​នោះទេ​។ កុំ​យល់ច្រឡំ​។​

​ព្រះ​តេជគុណ ហោ សុខុន បាន​បន្តថា ក្នុង​សារ​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះអង្គ ដែល​គេ​ផ្សាយ​កោតសរសើរ​សម្តេច​ក្រឡា​ហោម សខេង ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នោះ បានត្រឹមតែ ១០​ភាគរយ​ទេ គឺ​ព្រះអង្គ​ក៏មាន​សរសើរ​លើកឡើង​ពី​គុណសម្បត្តិ និងសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ ដែល​ធំជាងគេ​បំផុត​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ទោះបីជា​មានការ​ផ្សព្វផ្សាយ​ដោយ​ក្លែង​សារ​របស់​ព្រះអង្គ​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា មាន​សាមគ្គី​ផ្ទៃក្នុង​រឹងមាំ ដែល​មិនមាន​គណបក្សនយោបាយ​ណា នៅលើ​ពិភពលោក រក​ស្មើ​បាន គឺ​រឹងមាំ​ជាង​ដែកថែប​ទៀតផង​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន មានគុណ​សម្បត្តិ​ធំជាងគេ ក្នុងការ​រំដោះជាតិ​មាតុភូមិ រួមទាំង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​ក្នុងពេល​ផ្សាយ​ផ្ទាល់​នេះ ព្រះ​តេ​ជោ​គុណ ហោ សុធន ក៏បាន​រិះគន់​លើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ហៅ​លោក ខឹម វាសនា ថា​ជា​ជន​ក្បត់ជាតិ​។​

​យ៉ាងណាក៏ដោយ ចាប់តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ គឺមាន​អាជ្ញាធរ​សមត្ថកិច្ច រួមទាំង​អ្នកកាសែត នៅ​ប្រចាំការ​ក្នុង​វត្ត​ច្បារអំពៅ ដើម្បី​តាមដាន​សកម្មភាព​ក្នុង​វត្ត ក្រែងលោ មាន​ករណី​ចាប់​ព្រះសង្ឃ ហោ សុខុន ផ្សឹក ឬក៏​ហេតុការណ៍​អ្វីមួយ​៕