មហាសេដ្ឋីចិនម្នាក់ត្រូវបានហាមឃាត់ចូលក្នុងប្រទេសអូស្ត្រាលី

អូស្ត្រាលី ៖ ប្រទេសអូស្រ្តាលីបានហាមមហាសេដ្ឋីចិនមួយរូបមិនឲ្យចូលក្នុងប្រទេសខ្លួន ដោយបានសង្ស័យថាមហាសេដ្ឋីរូបនោះ​មានពាក់ព័ន្ធនឹងយុទ្ធនាការរបស់បក្សកុម្មុយនីស្តចិន ដែលធ្វើឲ្យមហាសេដ្ឋីរូបនោះបានហៅប្រទេសអូស្រ្តាលីថាជាទារកយក្សដែលមិនបានរកឃើញកន្លែងរបស់ខ្លួននៅក្នុងនយោបាយអន្ដរជាតិ។

លោក ហួង សៀងម៉ូ(Huang Xiangmo)ដែលបានរស់នៅរយៈពេលយូរអង្វែងមកហើយនៅទីក្រុងស៊ីដនីបានក្លាយជាម្ចាស់ជំនួយដ៏សំខាន់ចំពោះគណបក្សធំៗពីររបស់ប្រទេសអូស្ត្រាលីមុនពេលគាត់ត្រូវបានរារាំងមិនឱ្យចូលប្រទេសកាលពីសប្ដាហ៍មុនដោយទិដ្ឋាការស្នាក់នៅអចិន្រ្តៃយ៍របស់គាត់ត្រូវបានដកហូតហើយសំណើរសុំធ្វើជាពលរដ្ឋត្រូវបានបដិសេធ។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងក្រុងកង់បេរ៉ាមានភាពច្របូកច្របល់បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលីបានណែនាំច្បាប់ជាច្រើនដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនៅចុងឆ្នាំ ២០១៧ ចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងឆាកនយោបាយ ក្រុមបញ្ញវន្តនិងប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសអូស្រ្តាលី ៕