សម្តេចតេជោ ហ៊ុន សែន ជិះតាមរថយន្តមើលជីវភាពការរីកចម្រើនរបស់ប្រជាជន ហើយថា៖ «យើងមិនវិលថយក្រោយ ហើយនឹងមិនឲ្យអ្វីមករំខានការអភិវឌ្ឍន៍នៃប្រទេសជាតិឡើយ»

(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមុនបន្តិច សម្តេចបានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេច ដោយសម្តេចបានមានប្រសាស៍ថា «ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ»។

ក្នុងសារនោះដែរ សម្តេចបានបន្តថា ស្ថានភាពពិភពលោកសព្វថ្ងៃក៏មានការប្រែប្រួលដែរ គឺទន្ទឹមនឹងកម្ពុជាយើងកំពុងមានសុខសន្តិភាព និងរីកចម្រើន ប្រទេសមួយចំនួនក៏កំពុងមានសង្គ្រាមបំផ្លាញគ្រប់យ៉ាង ហើយពលរដ្ឋគ្មានឱកាសអ្វីទាំងអស់។

កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ខាត។ ពេលនេះ យើងបានងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែបន្តប្រឹងប្រែងទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវឲ្យមានអ្វីមករំខានដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។

ប្រទេសជាតិដែលមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ គឺជាអំណោយផលដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយគ្រប់ៗរូប៕