តើមេដឹកនាំកូរ៉េខាងជើងនឹងប្រើប្រាស់យន្តហោះចិន ឬប្រើប្រាស់ យន្តហោះផ្ទាល់ខ្លួន ហោះទៅកាន់ប្រទេសវៀតណាម?

បរទេស ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានជិះយន្តហោះទៅកាន់ប្រទេសសិង្ហបុរី តាមយន្តហោះចិនដែលបានជួលមួយ ជំនួសយន្តហោះផ្លូវការដែលចាស់របស់ខ្លួន កាលពីខែ​មិថុនា សម្រាប់កិច្ចប្រជុំកំពូលលើកទី១របស់លោក ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ថាតើលោកនឹងប្រើប្រាស់យន្តហោះអ្វីដើម្បីធ្វើដំណើរទៅកាន់ទីក្រុង​ហាណូយ​ប្រទេសវៀតណាម​ សម្រាប់កិច្ចប្រជុំកំពូលលើកទី២ជាមួយលោក ត្រាំ នោះ គឺជា​ចំណុចនៃការរំពឹងទុកមួយដែលទំនងជានឹងនៅតែជារឿងអាថ៌កំបាំងមួយ​រហូតមក ដល់ការ​មកដល់​របស់លោក​នៅទីនោះ។

មាននិយាយពីរឿងនេះជាច្រើនពីលោក គីម ថា ទំនងជានឹងជិះយន្តហោះរបស់ប្រទេសដែលមានលេខកូដឈ្មោះ « Chammae-1 » នាពេលនោះ ដោយសារចម្ងាយផ្លូវនៃការធ្វើដំណើរ​ប្រមាណ ២៧៦០គីឡូម៉ែត្រ គឺមានចម្ងាយជិតតែជាងពាក់កណ្តាលប៉ុណ្ណោះ នៃការហោះហើរ​កាលពីខែមិថុនាកន្លងទៅដែលមានចម្ងាយប្រមាណ៤៧០០គីឡូម៉ែត្រ ហើយជាយន្តហោះ​សម័យ​សូវៀត បើទោះបីជាវាមានអាយុចាស់ណាស់ក៏ដោយ គឺវាអាចគ្រប់គ្រងការហោះហើរ​បានគ្រប់គ្រាន់។

ប៉ុន្តែមនុស្សមួយចំនួនផ្សេងទៀតបាននិយាយថា លោក គីម អាចនឹងជួលយន្តហោះ​មួយ​​ពី​ប្រទេសចិនម្តងទៀត ប្រសិនបើគាត់​យកចិត្តទុកដាក់ពីសុវត្ថិភាពជាចម្បងនោះ។ អ្នកខ្លះបានស្នើឡើងថា លោកអាចនឹងប្រើប្រាស់រថភ្លើងពិសេសរបស់លោក ក្នុងការធ្វើ​ដំណើរនូវគ្រប់មធ្យោបាយទាំងអស់​ទៅកាន់ប្រទេសអាស៊ីភាគអាគ្នេយ៍មួយនេះ កាត់តាម​ប្រទេស​ចិន​សម្រាប់កិច្ចប្រជុំកំពូល​នាថ្ងៃទី២៧-២៨ខែកុម្ភៈខាងមុខនេះ ដូចដែលគាត់បានធ្លាប់​ជិះទៅកាន់ប្រទេសដែលនៅជិតខាងតាមរថភ្លើងនេះដែរកាលពីខែកន្លងទៅ ដោយកត់​សម្គាល់​ថា ប្រទេសវៀតណាម​ក៏មានផ្លូវដែកស្រដៀងគ្នានឹងប្រទេសកូរ៉េខាងជើងផងដែរ។ ជីតា​របស់លោក គីម និងជាអ្នកស្ថាបនាជាតិ លោក គីម អ៊ីល-ស៊ុង បានធ្វើដំណើរតាមរថភ្លើង​ទៅកាន់ប្រទេសវៀតណាម​ពីរដង​កាលពីទសវត្សឆ្នាំ១៩៥០-៦០​៕