យី ហួសចិត្ត! គ្រូពេទ្យមួយក្រុម ប្រឈមមុខនឹងការបញ្ឈប់ពីការងារ ក្រោយបែកធ្លាយវីដេអូឃ្លីប ប្រើដៃច្របាច់មុខ និងក្បាលក្មេង (មានវីដេអូ)

អារ៉ាប៊ីសាអូឌីត៖ គិលានុបដ្ឋាយិកាមួយក្រុម មានគ្នា៣នាក់ បម្រើការនៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Taif ប្រទសអារ៉ាប៊ីសាអូឌីត ថ្មីៗនេះកំពុងតែប្រឈមមុខ នឹងការបញ្ឈប់ពីការងារ បន្ទាប់ពីបានបែកធ្លាយវីដេអូឃ្លីប បង្ហោះចែកចាយលើអីុនធើណែត ប្រើដៃច្របាច់ក្បាល និងមុខទារកតូចទើបនឹងកើតម្នាក់ បែបលេងសើចរបស់ពួកគេ ទាំងមិនខ្វល់ពីសុវត្ថិភាពរបស់ក្មេង។

តាមរយៈវីដេអូឃ្លីបបែកធ្លាយនោះ គេឃើញយ៉ាងច្បាស់ពីសកម្មភាពរបស់ គិលានុបដ្ឋាយិកាម្នាក់ បានប្រើដៃម្ខាងគាបទ្រចង្កាក្មេង ចំណែកឯដៃម្ខាងទៀត បានសង្កត់ពីលើក្បាលរបស់ក្មេង រួចធ្វើសកម្មភាពច្របាច់មុខមាត់ ទារករងគ្រោះតែម្តង។ ខណៈគេអាចលឺសូរសម្លេងសើចយ៉ាងកខឹក របស់គិលានុបដ្ឋាយិកាផ្សេងទៀត ដែលកំពុងតែឈរកាន់ទូរស័ព្ទ ដើម្បីថតវីដេអូឃ្លីបនោះផងដែរ។

ក្រោយបែកធ្លាយវីដេអូឃ្លីបនេះ អ្នកនាំពាក្យម្នាក់នៃមន្ទីរពេទ្យ The Health Affaires ខាងលើ ក៏បានបើកការស៊ើបអង្កេតភ្លាមៗ ទៅលើហេតុការដែលបានកើតឡើង។

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក គិលានុបដ្ឋាយិកាមិនត្រូវបានបង្ហាញអត្តសញ្ញាណ ជាប់ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានរាយការណ៍ថា ព្យួរពីការងារភ្លាមៗ ក្រោយស៊ើបអង្កេតនឹងរកឃើញថា ក្រុមគ្រូពេទ្យទាំងនោះ ពិតជាបានធ្វើសកម្មភាពបែបនេះមែន។

បន្ថែមលើនេះ ខាងមន្ទីរពេទ្យក៏បានធ្វើការដកហូត អាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់ពួកគេ និងហាមឃាត់មិនឲ្យប្រកបអាជីពជាគិលានុបដ្ឋាយិកា នៅតាមមន្ទីរសុខាភិបាលផ្សេងៗទៀតថែមទៀតផង។

ឪពុករបស់ទារករងគ្រោះ មិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា កូនរបស់គាត់បានកើត នឹងសម្រាកនៅក្នុងមន្ទីរពេទ្យខាងលើនេះ អស់រយៈពេល ១០ថ្ងៃមកហើយ។ ហើយនៅថ្ងៃកើតហេតុ ក្រុមគិលានុបដ្ឋាយិកាបាននាំយកកូនរបស់គាត់ ទៅចាក់ថ្នាំបង្កា (ជំងឺរលាកផ្លូវទឹកនោម) ទាំងមិនបានដឹងថា មានហេតុការណ៍បែបនេះបានកើតឡើងនោះឡើយ។

ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់ពីលោកបានឃើញវីដេអូឃ្លីប ត្រូវបានគេបង្ហោះចែកចាយ លើអីុនធើណែត បង្ហាញពីសកម្មភាពមិនសមរម្យ របស់ក្រុមគ្រូពេទ្យទាំងអស់នោះហើយ គ្រួសាររបស់លោកសឹងតែមិនជឿ ភ្ញាក់ផ្អើល និងអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង។

អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការរិះគន់ខ្លាំងៗ ចំពោះសកម្មភាពលេងសើច ដ៏ឆ្កួតឡប់មួយនេះ។ អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិរបស់ខ្លួនថា៖ «គ្រូពេទ្យទាំង៣គ្រឿងនោះ គួរតែអរគុណព្រះជាម្ចាស់ទៅ ព្រោះប្រសិនបើខ្ញុំជាម្តាយរបស់ទារកនោះវិញ ខ្ញុំនឹងទៅច្របាច់មុខពួកឯង ឲ្យបែកអាចម៍វិញតែម្តង» ៕khmerload

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖