កម្ពុជា​ជំរុញ​លើកកម្ពស់​ស្ដង់ដា​អនាម័យ​ម្ហូប អាហារ​

(​ភ្នំពេញ​) ៖ ខណៈដែល​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា កាន់តែ​មានការ​កើនឡើង​ជា​លំដាប់​នោះ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា កំពុង​យកចិត្តទុកដាក់​ជំរុញ​ការលើកកម្ពស់​ស្តង់ដា​អនាម័យ​ម្ហូបអាហារ ដើម្បី​រួមចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោង ខុន បាន​ថ្លែងថា ក្រសួង​និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​ស្នើ​រាជរដ្ឋាភិបាល​សុំ​ដាក់បញ្ចូល​ស្ដង់ដា​វិថី​ម្ហូបអាហារ (Food Street) និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ ចូលទៅក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ។ លោក​រដ្ឋមន្ត្រី​ថ្លែងថា ៖« ការដាក់បញ្ចូល​ស្តង់ដា​ទាំង​២​នេះ គឺ​ដើម្បី​លើកកម្ពស់​ស្តង់ដា​អនា ម័យ​ម្ហូបអាហារ​នៅ​កម្ពុជា ដែលជា​សក្ដានុពល​ដ៏​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ »​។​

​ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រី​បែបនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ « ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ » នា​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង ទេសចរណ៍ ។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ (​ទាំង​ចល័ត និង​អចល័ត​) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់​គោលដៅ ទេសចរណ៍​កម្ពុជា ក៏ដូចជា​លើកកម្ពស់​សេវាកម្ម​ម្ហូបអាហារ​ផង និង​លើកកម្ពស់ សុវត្ថិភាព អនាម័យ​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផងដែរ ។ ទន្ទឹម​នោះ ក៏​នឹងចូលរួម​ផងដែរ​ដល់​ការលើកកម្ពស់​សោភ័ណភាព​ទីក្រុង លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅ តាម​ក្រុង​-​ស្រុក និង​ទីប្រជុំជន​នានា​នៃ​រាជធានី​-​ខេត្ត​គោលដៅ​ទេសចរណ៍​ទៀត ផង ។ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​បានទទួល​ទាន​អាហារ​ដែល​ឆ្លងកាត់​ការរៀបចំ​ស្ដង់ដា វិថី​ម្ហូបអាហារ​នេះ នឹង​ទទួលបាន​នូវ​ភាពកក់ក្ដៅ​ជឿទុកចិត្ត​បាន ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ នឹង​លើកកម្ពស់​ជីវភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាតតូច​បែប​គ្រួសារ ឱ្យមាន​ការរីកលូតលាស់​ថែមទៀត​។ លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ៖« នៅពេល​គេ​ល្បី​តៗ​គ្នា​ថា កម្ពុ​ជាមាន​ស្ដង់ដា​ម្ហូបអាហារ​ល្អ​ត្រឹមត្រូវ មាន​សុវត្ថិភាព មាន​អនាម័យ​ត្រឹមត្រូវ នោះ​ហើយ​គឺជា​សក្ដានុពល ថ្មី​មួយទៀត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ថែម »​។ លោក​រដ្ឋមន្ត្រី អះអាងថា ដោយ​មើលឃើញ​ពី​សក្តានុពល​នោះ​ហើយ ទើប​ក្រសួង និង​គណៈ ក​ម្មា​ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ស្នើសុំ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចូល​ស្ដង់ដា​ទាំងពីរ​នេះ ទៅក្នុង​សូចនាករ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ។

​លោក​បញ្ជាក់ថា ៖« តាម​គម្រោង​នៅពេល​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ គណៈ​ក​ម្មា ធិ​ការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ប្រកាស​ដាក់ឱ្យអនុវត្ត​ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា តូប​លក់​ម្ហូបអាហារ​នេះ ទៅក្នុង​ចលនា​ប្រឡង ប្រណាំង​ទីក្រុង​ស្អាត​តែម្តង ដើម្បី​បំផុស​ឱ្យ ក្រុង​បេក្ខភាព​នានា ខិតខំ​រៀបចំ​ទីក្រុង​របស់ខ្លួន​ឱ្យ​កាន់តែ​លេចធ្លោ​ឡើង »៕​