មក​ឈ្វេងយល់​ពី​ការធ្វើ​ជំនួញ​ដែល​បរាជ័យ​

(ភ្នំពេញ)៖​ បច្ចុប្បន្ន ការវិនិយោគ​មិនមែន​សម្រាប់តែ​អ្នកមាន​ទ្រព្យ​នោះទេ គឺ​គ្រប់គ្នា​អាច​វិនិយោគ​បាន​ទៅតាម​ធនធាន និង​ជំនាញ​របស់ខ្លួន ប៉ុន្តែ​ការវិនិយោគ មិនមែន​សុទ្ធតែ​ទទួលបាន​ផល​វិជ្ជមាន​គ្រប់យ៉ាង​នោះទេ វា​អាស្រ័យ​លើ​កត្តា​ច្រើនយ៉ាង ។

​បើតាម​ស្ថិតិ​បង្ហាញថា មនុស្ស​ភាគច្រើន​បាន​បរាជ័យ​ក្នុងការ​វិនិយោគ ។ នៅថ្ងៃនេះ យើង​លើកយក​មូលហេតុ​មួយចំនួន​ដែល​ពួកគេ​បរាជ័យ ឬ​វិនិយោគ​ហើយ មិន​សម្រេច​តាម​គោលដៅ​ផ្នែក​ហិរញ្ញវត្ថុ មក​ចែករំលែក​ដើម្បី​ពញ្ញាក់​ស្មារតី​អ្នកមួយ​ចំនួន​ដែលមាន​បំណង​ចង់​ក្លាយជា​សហគ្រិន ឬ​បាននិងកំពុង​ក្លាយជា​សហគ្រិន សម្រាប់​ត្រួសត្រាយ​គំនិត​ដូចខាងក្រោម ៖

១-​មិន​ចាប់ផ្តើម ឬ​មិន​ស្វែងរក​ចំណេះដឹង​សហគ្រិន​ដែល​បរាជ័យ ច្រើនតែ​និយាយថា ចាំ​បន្តិច​សិន ព្រោះ​នៅ​មិនទាន់បាន​ត្រៀមខ្លួន ឬ​ហៅថា ពន្យារពេល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​សិន​ទៅ​។ ដូច្នេះ នៅពេល​មិន​ព្រម​ចាប់ផ្តើម ចំណេះដឹង​ក៏​មិន​រីកលូតលាស់​ដែរ ហើយ​គ្រាន់តែ​ស្តាប់​គេ​និយាយ ឬលឺ​គេ​ថា​នោះ វា​ពិតជា​មិន​ទទួលជោគជ័យ​នោះទេ ។ ការធ្វើ​ជំនួញ​ឲ្យ​ជោគជ័យ ទាមទារ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ផែនការ​លម្អិត ។​

២-​ខ្លាច​ខាត​ទុន ខ្លាច​លំបាក ឬ​ខ្លាច​ត្រូវគេ​បោកប្រាស់ ការខ្លាច គឺ​កើត​ពី​ការ​មិនដឹង ខណៈ​យើង​មិន​ព្រម​ចាប់ផ្តើម​សិក្សា និង​មិន​ដើរទៅរ​កវា ហេតុនេះ ភាពភ័យខ្លាច​នៅតែមាន ព្រោះតែ​មិនបាន​រៀនសូត្រ ។ ពិត​ហើយ ការខ្លាច​គឺជា​រឿង​ដែល​ល្អ​សម្រាប់​អ្នកជំនួញ ព្រោះ​នឹងធ្វើ​ឱ្យ​យើង​មិន​ប្រញាប់ប្រញាល់​ខ្លាំងពេក ប៉ុន្តែ​ការខ្លាច​នោះ​ត្រូវ​ស្ថិតនៅលើ​មូលដ្ឋាន​ហានិភ័យ​អាច​ទទួលយកបាន ។ នៅពេល​បាន​យល់​ពី​ហានិភ័យ យើង​នឹងមិន​ខ្លាច​ខ្លាំងពេក​ទេ ។ប៉ុន្តែ​ដើម្បី​កម្ចាត់​ភាពភ័យខ្លាច​ចេញពី​យើង​នោះ ត្រូវ​ចាប់ផ្តើម​ពី​ការឈាន​ជើង​ទៅ​សិក្សា​ជាមុន កុំ​រវល់​តែ​ស្រមៃ និង​គិតដល់​ការវិនិយោគ​ក្នុង​ទស្សនៈ​អវិជ្ជមាន ព្រោះ​អាចធ្វើឱ្យ​យើង​បាត់បង់​ឱកាសល្អ​ក៏​ថា​បាន ។​

៣-​វិនិយោគ​លើ​អ្វីដែល​មិន​ស្ទាត់ ឬ​គ្មាន​ចំណេះ​ខ្លួនឯង អ្នកជំនួញ​ដែល​តែង​ធ្វើតាម​ព័ត៌មាន វិនិយោគ​តាម​មិត្តភក្តិ តាម​ញាតិ ឬ​មាន​អ្នក​ណែនាំ គឺ​តែង​ជួប​បញ្ហា ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​ទម្លាប់ ជីវិត​ខុសគ្នា ហើយ​ចំណង់​ចំណូលចិត្ត និង​ចំណេះដឹង​ផ្សេងៗ​គ្នា ។ ដូច្នេះ ចូរ​វិនិយោគ​លើ​អ្វីដែល​ស្គាល់ និង​មាន​ជំនាញ​ខ្លួនឯង វា​ល្អ​ជាង​វិនិយោគ​តាម​មិត្តភក្តិ ឬ​សាច់ញាតិ ។ ប្រាក់​ជា​របស់​យើង បើសិនជា​ខាត​ទុន នឹង​គ្មាន​អ្នកណា​មក​ទទួលខុសត្រូវ​ជំនួស​ទេ ក្រៅពី​ខ្លួនឯង ហើយ​ត្រូវ​ប្រកាន់​ជំហរ​ថា បើ​ខុស ឆ្គង សូមឱ្យ​កើត​ដោយ​ផ្ទាល់ដៃ​ខ្លួន​ល្អ​ជាង ព្រោះ​យ៉ាងហោចណាស់ យើង​នឹង​ទទួល​មេរៀន​ផងដែរ ។​

៤-​ប្រើ​យុទ្ធសាស្ត្រ​ខុស ឬ​ដើរ​ខុសផ្លូវ វា​ជាការ​សម្រេចចិត្ត​ខុស ឬ​ជា​ការដើរ​ខុសផ្លូវ​តាំងពី​យូរ ល្មមតែ​ដឹងខ្លួន គឺ​យឺត​ពេល​ទៅហើយ ខណៈ​ដើមទុន​បាត់បង់ ទោះជា​ហៅ​មកវិញ ក៏ត្រូវ​ប្រើពេល​វេលា​យូរ​ដែរ ទម្រាំ​យកប្រាក់​នោះមក​បាន ដែល​ធ្វើឱ្យ​ផល​តបស្នង​ប្រៀប​ដូចនឹង​ការ​វង្វេងផ្លូវ និង​ខាត​ពេលវេលា ។​

៥-​វិនិយោគ​បែប​ភ្នាល់​ការវិនិយោគ និង​ការ​ភ្នាល់ មាន​ភាព ស្រដៀង​គ្នា​ជាច្រើន ជាពិសេស​ការវិនិយោគ​ក្នុង​រយៈពេល​ខ្លីៗ ឬ​ហៅថា ការបង្កើត​ប្រាក់ចំណេញ ។ ពេលខ្លះ អ្នកជំនួញ​នឹង​យល់ច្រឡំ​លើ​ខ្លួនឯង ព្រោះ​ការបង្កើត​ប្រាក់ចំណេញ​នោះ​មានការ​ប្រែប្រួល​ខ្លាំង ដោយ​ប៉ះពាល់​ដល់​អារម្មណ៍​ច្រើន​ផងដែរ រហូតដល់​ពេលខ្លះ​ភ្លេច​វិធី និង​ផ្លូវ​ដែល​អ្នក​កំពុង​ដើរ ហើយ​ក្លាយជា​ការវិនិយោគ​បែប​ភ្នាល់ ៕​