សត្វ​ស្លាប​ចាកចោល​ជម្រក​ព្រោះ​រំខាន​ដោយ​មនុស្ស​

(ខេត្តបន្ទាយមានជ័យ) ៖ ពពួកសត្វ​បក្សី​ជាច្រើន​ប្រភេទ​បាន​ចូលទៅ​រស់នៅក្នុង​បឹង​ធម្មជាតិ នៅ​ទីប្រជុំជន​ក្រុង​សំរោង ខេត្ត​​ឧត្ត​រ​មានជ័យ​វិញ បន្ទាប់ពី​ចាក​ចេញទៅ​រស់នៅ​តំបន់​ផ្សេង​បាត់​មួយរយ​: ។ ការចាកចេញ​របស់​ពួកវា​កន្លងមក​ដោយសា​រ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នោះ រំខាន​ដល់​ការរស់នៅ​របស់​ពួកវា ។​

​លោក​ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពីពេល ថ្មីៗ​កន្លងមក​ឲ្យ​ដឹងថា បឹង​ស្នោ​មិន​ត្រឹមតែ​រក្សា​ប្រភពទឹក​ទុក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺជា​តំបន់​ផ្តល់​ទីជម្រក​ពពួកសត្វ​ស្លាប​ជាច្រើន​ប្រភេទ​រួមមាន​សត្វ​ប្រវឹក​, មាន់ទឹក ,​កុក ,​និង​សត្វ​ក្រសារ ជាដើម ។​

​លោក​ភួង លី​ណា និយាយថា «​ដោយសារ​ការអភិវឌ្ឍ​តំបន់​នេះ​កាលពី​ឆ្នាំ​កន្លងទៅ ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ការរស់នៅ ពពួកសត្វ​បក្សី​បាន​ចាក​ចេញទៅ​រស់នៅ​តំបន់​ផ្សេង​បាត់​មួយរយ​: តែ​បច្ចុប្បន្ន​បាន​វិល​មក​រស់នៅ​ជម្រក​ដើម​វិញ​ជា​បណ្តើរៗ​ហើយ ។​

​ពពួកសត្វ​ស្លាប​ទាំងនេះ ក្រៅពី​អាស្រ័យ​រស់នៅ និង​រក​ចំណី​នៅ​តំបន់​បឹង​ស្នោ​នេះ ក៏មាន​រស់នៅ​ជាច្រើន​ទីតាំង​ទៀត ដែល​ជាកន្លែង​សម្បូរ​ចំណី និង​ទីជម្រក ដូចជា ទំនប់​អាងទឹក​បឹង​តា​ម៉ុក ស្រុក​អន្លង់វែង​, អាងទឹក​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ,​អាង​ទំនប់​ទឹកស្ទឹង​ស្រែង​ទី​២ ស្រុក​ចុងកាល់ និង​ប្រភព​អាង​ស្តុក​រក្សា​ប្រភពទឹក​ផ្សេងទៀត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ »​។​

​លោក​ភួង លី​ណា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​បឹង​ស្នោ ទីប្រជុំជន​ក្រុង​សំរោង ក៏ដូចជា​នៅតាម​តំបន់​ដែល​ជាជម្រក​សត្វ​ដទៃទៀត​នៅក្នុង​ខេត្ត​នេះ​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​ដែលមាន​ក្បែរ​តំបន់​រស់នៅ​ឲ្យ​បាន​គង់វង្ស កុំ​បង្ក​ការរំខាន ពិសេស​បញ្ឈប់​ការចាប់ ការដាក់​ថ្នាំ​បំពុល និង​ការប្រមូលទិញ​សត្វ​ធ្វើ​អាជីវកម្ម​ដល់​ពពួកសត្វ​ទាំងនោះ ដើម្បី​ទាក់​ទាញ​ប្រជាពលរដ្ឋ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត ។​

​បឹង​ស្នោ​គឺជា​បឹង​ធម្មជាតិ​មួយ​មាន​បណ្តោយ​១.៤០០​ម៉ែត្រ និង​ទទឹង​៩០០​ម៉ែត្រ​អាច​ស្តុក​ទឹកបាន​រហូតដល់​ទៅ​ជាង​៤​លាន​ម៉ែត្រគូប​ដើម្បី​រក្សា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​មនុស្ស​ប្រើប្រាស់​និង​ជា​ប្រភព​ទីជម្រក​សត្វ​ជាច្រើន​ប្រភេទ​រស់នៅ​ទីនោះ៕