ខ្សែភាពយន្តល្បីៗរៀបរាប់ពីទុក្ខសោកក្នុងរបបខ្មែរក្រហម ត្រូវបានចាក់បញ្ចាំងជូនពលរដ្ឋទស្សនាជាបន្តបន្ទាប់ ខណៈថ្ងៃកំណើតទី២របស់ខ្មែរ ជិតចូលមកដល់

(ភ្នំពេញ)៖ បើគិតត្រឹមថ្ងៃទី០៥ ខែមករានេះ គឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ខួបថ្ងៃរំដោះជាតិពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នឹងឈានចូលមកដល់ហើយ ខណៈខ្សែភាពយន្តល្បីៗ ដែលមានរៀបរាប់ពីទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបដ៏ខ្មៅងងឹតនោះ ត្រូវបានចាក់បញ្ចាំងជូនប្រជាពលរដ្ឋទូទៅបានទស្សនាជាបន្តបន្ទាប់។

ក្រោយពីការចាក់បញ្ចាំង និងទទួលបានការចាប់អារម្មណ៍ពីពិភពលោកមកនោះ ខ្សែភាពយន្តមានចំណងជើងថា «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយតារាហូលីវូដ លោកស្រី អេនជេលីណា ជូលី កំពុងចាក់បញ្ចាំងជូនប្រជាពលរដ្ឋនៅឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល បានទស្សនា នារាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ដោយក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមទស្សនា ជាមួយនឹងភាពរំជួលចិត្តនឹកឃើញនូវរឿងរ៉ាវដ៏ឈឺចាប់ខ្លោចផ្សា រងទុក្ខវេទនា និរាសព្រាត់ប្រាស់ រងនូវកាប់សម្លាប់ពីពួកខ្មែរក្រហម។

ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ ទាក់ទងនឹងជីវិតនៅក្នុងរបបខ្មែរក្រហមនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការ រវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ជាណា ក្នុងក្របខណ្ឌនៃការផ្សព្វផ្សាយការយល់ដឹង អំពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ និងដំណើរការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហម ក្រោមប្រធានបទ «រាត្រីនៃការចងចាំ»។ ចាប់តាំងពីដំណើរការ នៅឆ្នាំ២០០៨មក កម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តនេះ បានធ្វើឡើងនៅគ្រប់រាជធានី-ខេត្ត និងមានការចូលរួមទស្សនាពីប្រជាពលរដ្ឋជាច្រើនម៉ឺននាក់។

ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា គោលបំណងសំខាន់នៃការចាក់បញ្ចាំងខ្សែភាពយន្តនេះ ដើម្បីពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រ ជាពិសេសប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហម និងចូលរួមទប់ស្កាត់នូវការវិលត្រឡប់មកវិញ នូវសោកនាដកម្មរបៀបនេះ មកលើកម្ពុជាទៀត។ ជាមួយគ្នានេះដែរ ខ្សែភាពយន្តឯកសារទាក់ទងនឹងការសង្ខេបដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម ក៏ត្រូវបានចាក់បញ្ចាំងជូនសាធារណជនទស្សនាផងដែរ។

លោក នេត្រ ភក្ត្រា បានពន្យល់ថា ក្រៅពីការរៀបរាប់ដោយផ្ទាល់មាត់ ពីបទពិសោធនៃជីវិតហែលឆ្លងកាត់ទុក្ខសោកនាដកម្មដោយជនរងគ្រោះ ដែលរួចរស់ជីវិតពីរបបខ្មែរក្រហម ខ្សែភាពយន្តឯកសារអំពីរបបខ្មែរក្រហមក៏ជាឧបករណ៍ ផ្សព្វផ្សាយមួយដ៏មានសារៈសំខាន់ ដើម្បីពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម។

ការចងចាំអំពីប្រវត្តិសាស្ត្រដែលប្រធានស្តីទី ផ្នែកកិច្ចការសាធារណៈរូបនេះ បានថ្លែងបញ្ជាក់ថា ពិតជាមានសារៈសំខាន់ និងជាការសិក្សា និងស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួនផងដែរ។

លោកបានថ្លែងថា របបកម្ពុជាប្រជាធិបតេយ្យ បានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ រយៈពេល៣ឆ្នាំ ៨ខែ នៃការគ្រប់គ្រងអំណាចមុននឹងត្រូវបានផ្តួលរំលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់ជាង២លាននាក់ ត្រូវបានស្លាប់ដោយសារតែខ្មែរក្រហម បានចាប់បង្ខំជម្លៀស ការតម្រូវឱ្យធ្វើការងារហួសកម្លាំង ការធ្វើទារុណកម្ម ការសម្លាប់ គ្មានថ្នាំសង្កូវព្យាបាល និងអំពើអមនុស្សធម៌ជាច្រើនទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម និងស្វែងរកអ្នកទទួលខុសត្រូវ ចំពោះអំពើឧក្រិដ្ឋដែលបានប្រព្រឹត្តឡើង ចំពោះប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា សាលាក្តីខ្មែរក្រហមមានដែនយុត្តាធិការ ក្នុងការជំនុំជម្រះក្តីលើជន២ជំពូក គឺអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប្រព្រឹត្តឡើងចន្លោះ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមរូបនេះ បានបន្ថែមថា នៅក្នុងដំណើរការបេសកកម្មរបស់ខ្លួន រយៈពេលជិត១១ឆ្នាំមកនេះ សាលាក្តីខ្មែរក្រហមបានបញ្ចប់ដំណើរការជំនុំជម្រះក្តីនាំយកការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជាបានចប់ជាស្ថាពរចំនួន ២សំណុំរឿង គឺសំណុំរឿង ០០១ ប្រឆាំងនឹងអតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ដោយផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។

ចំណែកអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា នួន ជា និងអតីតប្រមុខរដ្ឋ ខៀវ សំផន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង ០០២/០១ ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធការជម្លៀសប្រជាជនដោយបង្ខំ។ បច្ចុប្បន្ន នួន ជា និង ខៀវ សំផន កំពុងរង់ចាំការប្រកាសសាលក្រម ក្នុងសំណុំរឿង ០០២/០២ ទាក់ទងបទចោទអំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម ដែលសាលក្រមនេះរំពឹងថា នឹងអាចប្រកាសនៅចុងត្រីមាសទី១ ឆ្នាំ២០១៨។

លោក នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា សាលាក្តីខ្មែរក្រហម នឹងបន្តសហការជាមួយមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា នឹងចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «ម៨នដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា៕