មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់​ផ្ដល់​សេវា​សា​ធារ​ណះ និង​អនុវត្តតាម​អភិក្រម​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​(​ធ្វើ​ឲ្យ​បាន​,​ធ្វើ​ឲ្យ​លឿន​,​ធ្វើ​ឲ្យ​មាន​តម្លាភាព​)

(​ស្វាយរៀង​)៖ ក្រោម​អធិប​ភាព​លោក អ៊ិត សុត្ថា អនុរដ្ឋលេខាធិការ តំណាង​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី ​ក្នុងសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ កម្មសំណង់ និង​សុរិយោដី ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​មានការ​ចូលរួម​ពី លោក លោកស្រី​ប្រធាន​មន្ទីរ អភិបាលក្រុង​-​ស្រុក និង​តំណាង​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត ។​

​លោក អ៊ិត សុត្ថា បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ កន្លងមកនេះ ដែលជា​ឆ្នាំ​ចុងក្រោយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់ផ្នែក គ្រប់​ថ្នាក់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាពិសេស​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង សុទ្ធតែ​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម​កម្មវិធី​ដែល​បានលើកឡើង​នូវ​យុទ្ធសាស្ត្រ​នេះ ទៅតាម​ជំនាញ​នីមួយៗ​របស់ខ្លួន ដោយ​សម្រេចបាន​លទ្ធផល​ជាក់ស្តែង​លើ​គម្រោង និង​ការដ្ឋាន​ជាច្រើន លទ្ធផល​ទាំងនេះ​ត្រូវបាន​ចងក្រង​ក្នុង​របាយការណ៍ និង​បាន​ឆ្លងកាត់​ការពិភាក្សា​ប្រកបដោយ​ន​សិ​ការ​ខ្ពស់ ។​

​លោក អ៊ិត សុត្ថា បាន​បន្តទៀតថា ក្នុង​ឆ្នាំ​២០១៩​នេះដែរ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្ដេច​តេ​ជោ​ហ៊ុន សែន បានដាក់​នៅ​ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព ដែល​ផ្ដោត​សំខាន់​លើ​ការបន្ត​នៅ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដើម្បី​ជំរុញ​កំណើន សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដោយ​អនុវត្ត​គោលនយោបាយ វិមជ្ឈការ និង​វិសហមជ្ឈការ ជាពិសេស​គឺ​ផ្ដោតទៅលើ​អភិបាលកិច្ច​ល្អ លើ​ការផ្ដល់​សេវាសាធារណៈ ធ្វើអោយបាន ធ្វើ​ឲ្យ​លឿន​ធ្វើ​ឲ្យ​មាន​តម្លាភាព ជូន​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ លទ្ធផល​ដែល​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង​សម្រេចបាន​រួមមាន​៖ ១ ការងាររដ្ឋបាល​ដីធ្លី​, ២ ការងារ​រៀប​ច​ដែនដី និង​នគរូបនីយកម្ម​, ៣ ការងារ​សំណង់ ហើយ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ខាងលើនេះ លោក​ក៏​សូម​ស្នើ​ឲ្យ​មន្ទីរ យកចិត្តទុកដាក់​អនុវត្តតាម​ផែនការ​សកម្មភាព​នានា​ដែល​ក្រសួង​បានលើកឡើង នៅក្នុង​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​ព័ត៌មាន របស់​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និងលើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ស្មារតី​ទទួលខុសត្រូវ និង​មសិ​ការ​វិជ្ជាជីវៈ​ផងដែរ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ហែម ពិ​សិ​ដ្ធ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​លទ្ធផល​ដែល​បាន​សម្រេចបាន របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត ត្រូវខិតខំ​អនុវត្ត​អោយបាន​សំរេច​នូវ​ទិស ដៅការងារ​ទាំងឡាយណា​ដែល​បានលើកឡើង និង​ត្រូវ​យកចិត្តទុកដាក់​ដូចខាងក្រោម​៖

១- ត្រូវខិតខំ​យកចិត្តទុកដាក់​ផ្ដល់​សេវាសាធារណៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លើ​វិស័យ​ដីធ្លី និង​សំណង់ ជាពិសេស​អនុវត្តតាម​អភិក្រម​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​(​ធ្វើ​ឲ្យ​បាន​,​ធ្វើ​ឲ្យ​លឿន​,​ធ្វើ​ឲ្យ​មាន​តម្លាភាព​)​។​

២- ខិតខំ​សម្រេច​ឲ្យ​បាន​តាម​ផែនការ​ក្នុងការ​ចុះបញ្ជី​ដីធ្លី ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឲ្យ​បាន​ទូទាំង​ខេត្ត​នាពេលខាងមុខ​។​

៣- មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង និង​គ្រប់​ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ទាំងអស់​ត្រូវ​ធ្វើជា​សេនាធិការ​ក្នុង​គណៈកម្មាធិការ​សុរិយោដី​ថ្នាក់ក្រោម​ជាតិ នឹងត្រូវ​បន្ត​សហការ​ល្អជា​មួយ​អាជ្ញាធរខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក ក្នុង​ការទទួល​ពិនិត្យ​និង​ដោះស្រាយ​បាតុភាព​វិវាទ​ដីធ្លី​។​

៤- ត្រូវ​បន្ត​ជួយ​គាំទ្រ​បច្ចេកទេស​លើ​ផ្នែក​ការប្រើប្រាស់​ដី​ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កសាង​ផែនការអភិវឌ្ឍន៍​ឃុំ​-​សង្កាត់​។​

៥- ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ទប់ស្កាត់​ការរុះរើ​សំណង់​ខុសច្បាប់ ដែល​រំលោភ​លើដី​សាធារណៈ​របស់​រដ្ឋ សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត និង​សាងសង់​ខុស​ប្លង់​អនុញ្ញាត​។​

៦- ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង​សម្រាប់​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច និង​ទប់ស្កាត់​ឲ្យ​បាន ការទន្ទ្រាន​យក​ដី​រដ្ឋ​ផងដែរ ៕