ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ច ប្រទេសវៀតណាម នៅមុនជំនួបកំពូល ជាមួយលោក ត្រាំ

បរទេស ៖ យោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹទៅដល់ប្រទេសវៀតណាម ក្នុងរយៈពេល៣ថ្ងៃមុនជំនួបកំពូល របស់លោក ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុងហាណូយ។

បណ្ដាញទូរទស្សន៍កូរ៉េខាងត្បូង MBC បានរាយការណ៍ថា លោក គីម ជុងអ៊ុន ដែលធ្លាប់បានជួបជាមួយលោក ត្រាម នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨នោះ អាចនឹងធ្វើដំណើរទៅប្រទេសវៀតណាម នៅមុនកាលគ្រោងទុក ក្នុងគោលបំណងធ្វើទស្សនកិច្ចទីតាំងឧស្សាហកម្មសំខាន់ៗនៅប្រទេសវៀតណាម និងប្រារព្ធធ្វើជំនួបកំពូលមួយ ជាមួយប្រធានាធិបតីវៀណាម លោក Nguyen Phu Trong។

ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូប ដែលដឹងអំពីគម្រោងជំនួបកំពូលនោះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង អាចនឹងធ្វើដំណើរទៅដល់ប្រទេសវៀតណាម យ៉ាងយូរបំផុតនៅថ្ងៃទី២៤ឬក៏ថ្ងៃទី២៥ ខែកុម្ភៈនេះ៕