អាមេរិក ស្វះស្វែងបង្កើន សម្ពាធលើអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំ នៅទីក្រុងវ៉ាសូវី

បរទេស៖រដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់ មកពី៦០ប្រទេស បានជួបជុំគ្នានៅក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ ទីក្រុងវ៉ាសូវី ហើយសហរដ្ឋអាមេរិកមានសេចក្តីសង្ឃឹមថា នឹងបង្កើនសម្ពាធប្រឆាំងប្រទេសអ៊ីរ៉ង់ បើទោះជាមានក្តីព្រួយបារម្ភ នៅក្នុងចំណោមប្រទេសអឺរ៉ុបចម្បងៗ ស្តីអំពីភាពតានតឹងកើនឡើងជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។

លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលនឹងចូលរួមដោយអនុប្រធានាធិបតីអាមេរិក លោក បានធ្វើការរិះគន់ ចំពោះអវត្តមានរបស់រដ្ឋមន្ត្រីនាំមុខអឺរ៉ុប នៅក្នុងព្រឹត្តិការណ៍នោះ ក្នុងអំឡុងពេលលោកឈប់សម្រាករយៈពេលខ្លី នៅរដ្ឋធានី Bratislava ប្រទេសស្លូវ៉ាគី កាលពីថ្ងៃអង្គារ មុនពេលបន្តដំណើរទៅទីក្រុងវ៉ាសូវី។

គួរបញ្ជាក់ថា ការអវត្តមានរបស់រដ្ឋមន្ត្រីការបរទេសនៃមហាអំណាចដ៏ចម្បងរបស់អឺរ៉ុប គឺបារាំងនិងអាល្លឺម៉ង់ និងការមិនចូលរួមរបស់ប្រធានគោលនយោបាយសហភាពអឺរ៉ុប លោក Federica Mogherini បង្ហាញឲ្យឃើញនូវភាពតានតឹងកើនកម្តៅខ្លាំងឡើង ជាមួយសហភាពអឺរ៉ុប ជុំវិញការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំមិញ ប្រកាសដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មជាថ្មីផងដែរ៕