ក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសុខុមាលភាពថ្នាក់ជាតិបង់ក្លាដេស ជួបផ្លាស់ប្តូរបទពិសោធន៍គ្នា ជំរុញអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងសុខុមាលភាព​ប្រជាជ​ននៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន​ និងយុវ​នីតិសម្បទា និងក្រុមប្រឹក្សាសុខុមាលភាពថ្នាក់ជាតិបង់ក្លាដេស បានជួបសំណេះសំណាលគ្នា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នា ជំរុញអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងសុខុមាលភាព​ប្រជាជ​ននៅកម្ពុជា។

ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងរវាង លោក តូច ចាន់នី អគ្គ​នាយកនៃអគ្គ​នាយកដ្ឋានបច្ចេកទេស ​តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា និងមន្រ្តីក្រសួងសង្គមកិច្ច បានជួប​សំណេះសំណាលជាមួយ​ លោក ATM Nashir Mia នាយកប្រតិបត្តិនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសុខុមាលភាព នៃប្រទេស​បង់ក្លាដេស បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាសុខុមាលភាពថ្នាក់ជាតិបង់ក្លាដេស ខណៈ ដែលបានអញ្ជើញមកទស្សនកិច្ច​សិក្សា នៅក្រសួងសង្គមកិច្ច នាថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០១៩។

នៅក្នុង​ឱកាសនោះ លោក តូច ចាន់នី បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់នូវចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមគឺ ការកសាងប្រព័ន្ធគាំពារ សង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធន ធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបានបន្ថែមថា ផ្អែកលើចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលមានលក្ខណៈ ទូលំទូលាយដោយផ្តោតលើសសរស្តម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

ក្នុងនាមតំណាងរដ្ឋមន្រ្តី វង សូត លោក តូច ចាន់នី បានលើកឡើងថា ដើម្បីរួមចំណែកសម្រេចឱ្យបាននូវបំណងប្រាថ្នានិងចក្ខុវិស័យខាងលើក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំនូវផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ សម្រាប់អភិវឌ្ឍន៍ វិស័យសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។

លោកបន្តថា គោលបំណងនៃការរៀបចំឯកសារនេះ គឺដើម្បីកំណត់អំពីយុទ្ធសាស្ត្រ របស់ក្រសួងធានាឱ្យបាននូវសុខុមាលភាពសង្គមប្រកបដោយសុខដុម កាត់បន្ថយនូវភាពរងគ្រោះនិង ងាយរងគ្រោះរបស់ប្រជាជន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនគ្រប់ស្រទាប់សំដៅលើកកម្ពស់ កម្រិតជីវភាពប្រជាជន ជាពិសេស ប្រជាជនក្រីក្រ ងាយរងគ្រោះ ជនពិការ កុមារកំព្រា អនីតិជន ជនរង គ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនអតីតយុទ្ធជនអតីតមន្ត្រីរាជការស៊ីវិល និងមនុស្សចាស់ជរា។

ជាមួយគ្នានោះ លោក ATM Nashir Mia នាយកប្រតិបត្តិនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសុខុមាលភាព នៃប្រទេស​បង់ក្លាដេស បានសម្តែងការស្វាគមន៍ដែលបានបំពេញទស្សនកិច្ច នៅក្រសួងសង្គមកិច្ចនាពេលនេះ។ លោកថា ការបំពេញទស្សនកិច្ច នាពេលនេះ បានបង្កើនចំណងមិត្តភាពរវាងក្រសួង និងក្រុមប្រឹក្សាសុខុមាលភាព នៃប្រទេស​បង់ក្លាដេស កាន់តែជិតស្និទថែមមួយកម្រិតទៀត។

លោក ATM Nashir Mia ការជួបពិភាក្សានាពេលនេះ នឹងកាន់តែធ្វើឲ្យការសហការជាមួយគ្នា កាន់តែរឹងមាំ និងឆ្ពោះសំដៅដល់ការ ផ្លាស់ប្តូរបទពិសោធន៍គ្នា ជំរុញអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងសុខុមាលភាព​ប្រជាជ​ននៅកម្ពុជា។

លោក តូច ចាន់នី បានលើកឡើងថា ក្រសួសង្គមកិច្ច គឺជាសេធិការឱ្យរាជរដ្ឋាភិបាល ទទួលខុសត្រូវក្នុងការរៀបចំ គោលនយោបាយ និងដឹកនាំគ្រប់គ្រងរាល់សេវាសង្គមកិច្ចរបស់រដ្ឋដើម្បីជួយដល់ប្រភេទជនងាយរងគ្រោះ និងក្រីក្រជាអាទិ៍ជនចាស់ជរាគ្មានទីពឹង ជនពិការ ជនរស់នៅតាមចិញ្ចើមថ្នល់ កុមារកំព្រា កុមារតាម ចិញ្ចើមថ្នល់ ស្រីពេស្យា ជនដែលផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ និងមានរោគឆ្លងកាចសាហាវ ជនក្រីក្រ ជួបការលំបាកជាងគេក្នុងសង្គម៕