BREAKING NEWS: កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចាប់ផ្តើមចរចាគ្នាផ្លូវការជាលើកដំបូង ក្នុងរយៈពេលជាង២ឆ្នាំ

(ឧបទ្វីប)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចាប់ផ្តើមចរចាគ្នាជាផ្លូវការលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង២ឆ្នាំនៅថ្ងៃអង្គារនេះ ដោយពិភាក្សាស្តីពីការបញ្ជូនអត្តពលិកកូរ៉េខាងជើង ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនៅខែក្រោយ។

ការជួបចរចា​គ្នាចាប់ផ្តើមនៅ​ម៉ោង១០៖០០នាទីព្រឹក(ម៉ោងនៅក្នុងតំបន់) ថ្ងៃអង្គារ​នេះ​នៅឯភូមិ Panmunjom ដើម្បីពិភាក្សា​គ្នាស្ដីពី ការបញ្ជូន​អត្តពលិក​កូរ៉េខាងជើង ឱ្យទៅចូលរួមក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាពិក​រដូវរងារ​នៅទីក្រុង Pyeong Chang ប្រទេស​កូរ៉េខាងត្បូង។

សូមជំរាបថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC នៅថ្ងៃចន្ទម្សិលមិញ បានសម្រេចចិត្តពន្យាពេលថ្ងៃផុតកំណត់ ដើម្បីទុកពេលឱ្យកូរ៉េខាងជើង បញ្ជូនអត្តពលិកទៅចូលរូម កីឡាអូឡាំពិករដូវរងារ ក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះ។

ការសម្រេចចិត្តបែបនេះរបស់ OIC ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង យល់ព្រមទទួលយកសំណើសុំចរចាពីកូរ៉េខាងត្បូង។ ជាងនេះទៅទៀត អ្នកតំណាង OIC ម្នាក់ក៏ធ្លាប់បានបញ្ជាក់ដែរថា ទីក្រុងព្យុងយ៉ាងទំនងជាអាចនឹងបញ្ជូនអត្តពលិករបស់ខ្លួនទៅកាន់ទីក្រុង Pyeong Chang​ ដើម្បីចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិចរដូវងារនៅទីនោះពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈក្រោយនេះ៕