ជប៉ុនមិនទាន់បាត់ភ័យ ឥឡូវប៉េរូកំពុងកើតទុក្ខវិញម្តង ក្រោយចាប់បានត្រីនាគទឹកជ្រៅដ៏កម្រ នាំប្រផ្នូលនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

(ប៉េរូ)៖ ឆ្នេររមណីយដ្ឋានទេសចរណ៍មួយកន្លែង ក្នុងប្រទេសប៉េរូ កំពុងតែកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកាលពីថ្មីៗនេះ ចាប់បានត្រីទឹកជ្រៅដ៏កម្រ ដែលនាំប្រផ្នូលអាចនឹងកើតមានគ្រោះមហន្តរាយធម្មជាតិ រញ្ជួយដី និងរលកយក្សស៊ូណាមិ។
ត្រី Oarfish ឬអ្នកខ្លះហៅថា ត្រីនាគ ឬត្រីនាំគ្រោះមហន្តរាយធម្មជាតិ បើកទំព័រឆ្នាំថ្មីនេះ បាននឹងកំពុងតែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ជាពិសេស ប្រទេសមួយចំនួនកើតក្តីព្រួយបារម្ភជាខ្លាំង ជុំវិញរឿងរ៉ាវដែលនឹងអាចកើតមានឡើង ពីការវាយប្រហារដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បន្ទាប់ពីវត្តមានត្រីទឹកជ្រៅដ៏កម្រនេះ បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅឆ្នេរទឹករាក់ និងត្រូវបានអ្នកនេសាទចាប់បាន។
ជាក់ស្តែង កាលពីប៉ុន្មានសប្តាហ៍មុននេះ ប្រទេសជប៉ុនក៏ទើបតែកើតក្តីព្រួយបារម្ភខ្លាំង ក្រោយត្រីប្រភេទនេះ ចំនួន២ក្បាលបានជាប់សំណាញ់អ្នកនេសាទ នៅឯភាគខាងជើង នៃអាណាខេត្ត Toyama ។

ដោយឡែក ស្រាប់តែពេលថ្មីៗនេះវិញ ប្រទេសប៉េរូ ក៏កំពុងតែកើតទុក្ខព្រួយបារម្ភយ៉ាងខ្លាំងដូចគ្នា ក្រោយចាប់បានត្រី Oarfish នៅតំបន់ឆ្នេរទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ (និយមជិះស្គីលើទឹករលក) ស្ថិតក្នុងកូនក្រុង Mancora ដែលគេជឿជាក់ថា វាជាសញ្ញាអាក្រក់ ឬប្រផ្នូលនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដែលនឹងអាចកើតមានឡើង មកលើប្រទេសមួយនេះ ដោយផ្អែកទៅតាមជំនឿរបស់ជនជាតិជប៉ុននោះផងដែរ។

គឺជាត្រីដែលរស់នៅក្នុងទឹកជ្រៅក្នុងមហាសមុទ្រ ជម្រៅយ៉ាងហោចណាស់ ១គីឡូម៉ែត្រ ហើយវាក៏កម្រនឹងត្រូវបានគេប្រទះឃើញ ឡើងមកលើផ្ទៃទឹកនោះឡើយ។ ត្រីប្រភេទនេះត្រូវបានគេដឹងថា មានប្រវែងខ្លួនវែង ចាប់ពី៥ រហូតដល់ទៅ ១១ម៉ែត្រឯណោះ។
គួររម្លឹកផងដែរថា ជុំវិញនឹងករណីចាប់បានត្រី Oarfish នេះដែរ បើតាមជំនឿប្រពៃណីរបស់ជនជាតិជប៉ុន គេហៅថា «Ryugu no tsukai» ឬមានន័យថា «Messenger from the Sea God’s Palace» ដែលមានន័យជាភាសាខ្មែរយើងថា ជាដំណឹងឬសារមកពីស្តេចដែនសមុទ្រ ដែលនឹងអាចកើតមានគ្រោះរញ្ជួយដីនៅក្រោមទឹក៕