ឯកអគ្គរដ្ឋទូតវៀតណាមបញ្ជាក់អំពីកិច្ចខិតខំ​ប្រឹងប្រែង របស់អាស៊ានដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ

បរទេស៖ ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy បានកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងចំណោមសមាជិករបស់ខ្លួននៅក្នុងសម័យប្រជុំគណៈកម្មការអភិវឌ្ឍសង្គមនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ។

សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មការអភិវឌ្ឍសង្គមបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ «ការដោះស្រាយវិសមភាព និងបញ្ហាប្រឈមនានា ចំពោះការបញ្ចូលសង្គមតាមរយៈគោលនយោបាយការពារសារពើពន្ធ ប្រាក់ឈ្នួល និងសង្គម»។

ក្នុងនាមអាស៊ាន ឯកអគ្គរដ្ឋទូតវៀតណាម លោក Quy ដែលជាប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចែករំលែកការព្រួយបារម្ភរួមគ្នាអំពីវិសមភាពនៅក្នុងប្រទេសនីមួយៗ និងរវាងប្រទេសផ្សេងៗ។ ឱកាសដើម្បីទទួលបានការថែទាំសុខភាព និងការងារនៅក្នុងប្រទេសមួយ មិនត្រូវបានរីករាលដាលស្មើគ្នាដោយសារវិសមភាពយេនឌ័រ និងវិសមភាពរវាងខេត្ត ជនបទ និងទីក្រុងនិងកត្តាដទៃផ្សេងៗទៀតនោះទេ។

ទន្ទឹមនឹងនេះដែរ បញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ ការរីករាលដាលគ្រោះមហន្តរាយធម្មជាតិ និងការរិចរិលបរិស្ថានដែលកំពុងកើនឡើងនៅជុំវិញពិភពលោក ដែលគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

អ្នកការទូតរូបនេះបានកត់សម្គាល់ថា អាស៊ានបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដែលជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ បណ្តាប្រទេសអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីជួយដល់ប្រទេសដទៃ និងបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសជាសមាជិកទាំងអស់ដើម្បីអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍នៃការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់៕