កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ លើក​ទី​១៤ ចេញ​សេចក្តីថ្លែងការណ៍​រួម

(​ភ្នំពេញ​)៖ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ លើក​ទី​១៤ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ដឹកនាំ​ដោយ​សហប្រធាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​ព្រះរាជាណាចក្រ​ថៃ​។ កិច្ចប្រជុំ​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ល្អ​ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សារៈប្រយោជន៍ រវាង​កងទ័ព​ទាំងពីរ​នៅ​គ្រប់​កំរិត​ទាំងអស់ កាន់តែ​ប្រសើរឡើង​ថែមទៀត សម្រាប់​ជាការ​លើក​កំពស់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​។

​ក្រសួងការពារជាតិ បានប្រកាសថា កិច្ចប្រជុំ​ត្រូវបាន​រៀបចំឡើង ដោយយោង​ទៅតាម​កិច្ចព្រមព្រៀង នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ ដើម្បី​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ព្រំដែន ក៏ដូចជា​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព និង​កងឯកភាព​សន្តិ​សុខ​ពាក់​ព​ន្ធ័​ដ៏ទៃទៀត​របស់​កម្ពុជា និង​ថៃ​។

​ក្រសួងការពារជាតិ​បន្តថា កិច្ចប្រជុំ​បានបញ្ជាក់​អំ​ពី​សារៈសំខាន់ នៃ​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) លើក​ទី​១៤ ដែល​បាន​ផ្តល់នូវ​ការណែនាំ និង​ទិសដៅ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ល្អ​ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សារៈប្រយោជន៍ រវាង​កងទ័ព​ទាំងពីរ​នៅ​គ្រប់​កំរិត​ទាំងអស់ កាន់តែ​ប្រសើរឡើង​ថែមទៀត សម្រាប់​ជាការ​លើក​កំពស់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​។ កិច្ច​ប្រជុំបាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​តាម​បណ្តោយ​ព្រំដែន​។

​ក្រសួងការពារជាតិ បន្តថា ភាគី​ទាំងពីរ បាន​ពិនិត្យឡើងវិញ នូវ​លទ្ធផល នៃ​ការអនុវត្តន៍​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​ដាក់ចេញ​ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ លើក​ទី​១៣ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ដូចជា​៖ កិច្ចសហប្រតិបត្តិការ​លើ​ការឆ្លងកាត់​ព្រំដែន បញ្ហា​ពលករ ការទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ការលើក​កំពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​កម្ពុជា ជាមួយ​បណ្តា​អង្គភាព សន្តិសុខ​ថៃ ក្នុង​តំបន់​ព្រំដែន បញ្ជា​កសិកម្ម បញ្ហា​សុខភាព​សាធារណៈ ការអភិវឌ្ឍន៍​ជីវភាព​រស់នៅ​ការអប់រំ សាសនា និង​វប្បធម៌​។

ក្រសួងការពារជាតិ បន្តថា កិច្ច​ប្រជុំបាន​ឯកភាព​ជំរុញ​ភាគី ទាំងពីរ ឲ្យ​បន្ត​នូវ​ភារកិច្ច ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ដោយ​ស្របតាម​គោលការណ៍ និង​វិធាន​ការដែល​បានកំណត់​ក្នុង​កំណត់ហេតុ​ព្រមព្រៀង នៃ​កិច្ចប្រជុំ​លើក​ទី​១៤​នេះ លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​។ ភាគី​ថៃ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន ទូទៅ​(GBC) កម្ពុជា​-​ថៃ​លើក​ទី​១៥ ហើយ នឹងធ្វើ​ការជូនដំណឹង​ទៅ​ភាគី​កម្ពុជា​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៅពេល​ក្រោយ​៕​