រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​បួស​ធ្ងន់​ម្នាក់​

(​ភ្នំពេញ​)៖ ​នារី​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាប់ពី​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​បុក​ខណៈ​អ្នក​ទាំងពីរ​កំពុង​ជិះ​ម៉ូតូ​។​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​បេតុង​ទល់មុខ​វិទ្យុ​ABC​ក្នុងភូមិ​ព្រែក​ថ្លឹង​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ឌុប​នារី​ម្នាក់​ដោយ​ម៉ូតូ​ហុងដា​ឌ្រី​ម​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​។​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ហើយ​បាន​បុក​ម៉ូតូ​និង​កិន​ចំក្បាល​នារី​ម្នាក់​បណ្ដាលឱ្យ​បែកធ្លាយ​ខួរ​ស្លាប់​មួយ​រំពេច​។​រីឯ​យុវជន​ជា​អ្នក​ឌុប​បាន​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​យកទៅ​មន្ទី​ពេទ្យ​ភ្លាមៗ ៕​