អ៊ីរ៉ង់​អាច​ទារ​យកបាន​លុយ​ផ្អឹប​ទុក​នៅ​អាមេរិក​

(​សហរដ្ឋអាមេរិក​-​អ៊ីរ៉ង់) ៖ តុលាការ​យុត្តិធម៌​អន្តរជាតិ​ CIJ វិនិច្ឆ៍យ​កាលពី​ថ្ងៃទី​១៣​កុម្ភៈ​ថា អាច​ទទួលយកបាន​សំណើ​របស់ អី​ុរ៉ង់ ទាមទារ​ដកយក​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ដែល​ផ្អឹប​ទុក​នៅ​សហរដ្ឋអាមេរិក ដែល​ចង់​បង្វែរ​មូលនិធិ​ទាំងនោះ ទៅ​ឲ្យ​បណ្ដា​ជនរងគ្រោះ​ដោយសារ​ការវាយប្រហារ​នានា ទម្លាក់​ការទទួលខុសត្រូវ​លើ​ក្រុង​តេ​ហេ​រ៉ង់​។​

​បណ្ដា​ចៅក្រម​របស់​តុលាការ​នោះបាន​បដិសេធ ការទាមទារ​របស់​អា​មេ​រិ​ក ដើម្បី​ឲ្យ​ទទួលបាន​ការបដិសេធ​សំណើ អី​ុ​រ៉ង់។ ក្រុង​វ៉ា​សិ​ុ​ន​តោន​លើក​ការ​សម្អាងថា អី​ុ​រ៉ង់ ធ្លាប់មាន​បាតដៃ​កខ្វក់​ដោយសារ​ទំនាក់ទំនង​របស់គេ ជាមួយ​ភេរវកម្ម​និង​ថា តុលាការ ​CIJ ពុំមាន​សមត្ថកិច្ច​ក្នុង​រឿង​នោះឡើយ​។ តុលាការ​នោះ​នឹង​រៀបចំ​សវនាការ​ឯទៀតៗ ដ់ើម្បី​សម្រេច​ថា អី​ុ​រ៉ង់ ពិតជាអាច​ដកយក​ប្រាក់ ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​ដែល​ផ្អឹប​ទុក​ដោយ​តុលាការ​កំពូល​អាមេរិក កាលពី​ឆ្នាំ​២០១៦​។​

​តុលាការ ​CIJ​ បាន​បដិសេធ​ជា​ឯកច្ឆ័ន្ទ​ការលើក​របស់​អាមេរិក​ដែលថា តុលាការ​នោះ​ពុំមាន​សមត្ថកិច្ច​វិនិច្ឆ័យ​រឿង​នោះ​។ ប្រធាន​តុលាការ​ចៅក្រម ​ABDULQAWI AHMED YUSUF ​ថ្លែងថា CIJ ពិត​ជាមាន​សមត្ថកិច្ច​ដើម្បី​វិនិច្ឆ័យ​រឿងនេះ​។​

​ប្រទេស អី​ុ​រ៉ង់ បាន​ប្ដឹង​ប្រឆាំង​សហរដ្ឋអាមេរិក​នៅ​តុលាការ​ CIJ កាលពី​ខែមិថុនា​ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ទទួល​បានការ​ដកយក​ប្រាក់​ដែល​ផ្អឹប​ទុក​ទាំងនោះ​។ ក្នុង​ពាក្យបណ្ដឹង អី​ុ​រ៉ង់ និយាយថា អាមេរិក​បាន​រំលោភបំពាន​សន្ធិសញ្ញា​ទ្វេភាគី​ដែល​ចុះ ហត្ថលេខា​កាលពី​ឆាំ្ន​១៩៥៥​ ដោយ​ព្រះ​ចៅ​សា​ហ៍ អី​ុ​រ៉ង់ ជាមួយ​រដ្ឋាភិបាល​អាមេរិក ដែល​ផ្ដោតលើ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​សិទ្ធិ​កុងស៊ុល​។

សេចក្ដីសម្រេច​នោះ​នឹង​នាំ​ឲ្យ​មានការ​កើនឡើង នៃ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ដែល​ពុំមាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ចាប់តាំងពី​ឆ្នាំ​១៩៨០​មក​៕​