ម៉េច​ហ្នឹង​! ជនជាតិ​ចិន​ម្នាក់ និង​ស្រី​ស្នេហ៍​ធ្វើ​ឲ្យ​ផ្អើល​គេឯង​

(​ភ្នំពេញ​) ៖ អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​ភ្នំពេញ​ថ្មី ឃាត់ខ្លួន បន្ទាប់ពី​មានទំនាស់​គ្នា​ជាមួយ​ស្រី​ស្នេហ៍ ហើយ​បាន​ទាញ​ដុំថ្ម​វាយ​បំបែក​កញ្ចក់​រថយន្ត ដែល​ហេតុការណ៍​ប្រើ​ហិង្សា​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៣​ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​អង្គរធំ តាម​បណ្តោយ​ផ្លូវ​លេខ​១០១៩ ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​ដែល​ប្រើ​ហិង្សា​ត្រូវបាន​នគរបាល​អោយដឹងថា ឈ្មោះ XUB0 ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​ទេសចរណ៍​ជនជាតិ​ចិន ស្នាក់​នៅក្នុង​រោងចក្រ គា​ណា​ឌី​យ៉ា ជាមួយ​មិត្ត​ភ​ក្កិ តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម្ចាស់​រថយន្ត ដែលជា​ស្រី​ស្នេហ៍​ឈ្មោះ ព្រហ្ម សុធា​រ័ត្ន អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​រថយន្ត​កូរ៉េ​មី​នី ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២AJ- ៤១០០ បែក​កញ្ចក់​ចំហៀង​មុខ​ខាងស្តាំ​ចំនួន​០១​ផ្ទាំង ។ ទាក់ទិន​ការឈាន​ទៅប្រើ​ហិង្សា​ត្រូវបាន​នគរបាល​អោយដឹងថា ដោយសារតែ​ជនជាតិ​ចិន​ខឹង​នឹង​ស្រី​ស្នេហ៍​មិន​ព្រម​ជួន​ទៅផ្ទះ ដោយ​នាង​ទាមទារ​អោយ​ជនជាតិ​ចិន​ទៅ​ដេក​ជាមួយ ។​

​តាម​ព័ត៌មាន​បាន​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ក៏បាន​ជិះ​រថយន្ត​ទៅ​ដឹក​ជនជាតិ​ចិន​ដែលជា​សង្សា​ថ្មីថ្មោង​ពី​រោងចក្រ​កាណាឌីយ៉ា នៅ​ម្តុំ​ផ្លូវ​វេ​ស្រេង ក្នុង​គោលបំណង​ដើរលេង ដែល​ខ្លះ​អះអាង​មក​ក្រេបទឹក​ឃ្មុំ ។ នៅពេល​ធ្វើដំណើរ​មកដល់​ផ្ទះ​ស្រី​ស្នេហ៍ ទាមទារ​អោយ​ជនជាតិ​ចិន​នៅ​ដេក​ជាមួយ តែ​ជន​ជាតិចិន​មិន​ព្រម ដោយសារតែ​ស្រវឹង និង​និយាយ​ស្តាប់​គ្នា​មិនសូវ​បាន ក៏មាន​ទំនាស់​គ្នា ហើយ​ជនជាតិ​ចិន​ក៏បាន​ចុះ​ចេញពីផ្ទះ​គោលបំណង​ទៅ​រោងចក្រ​វិញ ដោយ​ហៅ​រ៉ឺម៉ក​ម៉ូតូ​ជិះ ។​

​តាម​ព័ត៌មាន​អោយដឹងថា លុះ​ក្រោយមក​ស្រី​ស្នេហ៍​ក៏បាន​បើករថយន្ត​តាម ជូនទៅ​ផ្ទះ​វិញ​តែ​នាង​មិនបាន​ធ្វើដំណើរ​ទៅ​ទិស​ខាងត្បូង​នោះទេ ដោយ​ត្រឡប់​ទៅ​ទិស​ខាងជើង​ជាហេតុ​ធ្វើអោយ​ជនជាតិ​ចិន​ខឹង​កាន់តែខ្លាំង ហើយ​ទាញ​ចង្កូត​ឈប់​ចុះចេញ​នឹង​ហែក​អាវ​របស់ខ្លួន​ចោល ព្រមទាំង​ទាញ​ដុំថ្ម​វាយ​បំបែក​កញ្ចក់​រថយន្ត បណ្តាលអោយ​បែក​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជិះ​ល្បាត​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន ព្រមទាំង​ដកហូត​ដុំថ្ម​ជា​ភស្តុតាង​ផងដែរ ។​

​តាម​ព័ត៌មាន​អោយដឹងថា ជនជាតិ​ចិន​បាន​ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០១៩ ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍ តាមរយៈ​អ្នកបកប្រែ និង​មិត្ត​ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ម្ចាស់​រថយន្ត​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ ​ហើយក៏​ឈានទៅ​មានទំនាស់​គ្នា​ប្រើ​ហិង្សា​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ៕​