អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដល់​សព្វថ្ងៃ មាន ៤ ប្រភេទ ឥឡូវ ប្រជាពលរដ្ឋ​ជាង ១០​លាន​នាក់ មាន​អត្តសញ្ញាណប័ណ្ណ​ថ្មី​!

(​ភ្នំពេញ​)៖ គិត​ចាប់ពី​របប​ខ្មែរក្រហម​ដួលរលំ កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ មកដល់​ដើមឆ្នាំ​២០១៩ នេះ គឺ​រយៈពេល​ជាង ៤០​ឆ្នាំ​ហើយ កម្ពុ​ជាមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ៤​ប្រភេទ​។ គិត​មកដល់​ដំណាច់ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុ​ជា ជាង ១០​លាន​នាក់ បានធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​។​

​ប្រភេទ​ទី​១៖
​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ដែល​ចេញ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ផ្តល់ជូន​ប្រជាជន​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩៨​។​

​ប្រភេទ​ទី​២៖
​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ចាស់ ផ្តល់នៅ​ចន្លោះ​ឆ្នាំ​១៩៩៨-២០០៧

​ប្រភេទ​ទី​៣៖
​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ចាស់ ផ្តល់នៅ​ចន្លោះ​ឆ្នាំ​២០០៧-២០១២

​ប្រភេទ​ទី​៤៖
​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី ផ្តល់​ចាប់ពី​ខែមីនា ឆ្នាំ​២០១២ មកដល់​បច្ចុប្បន្ន​

​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ដែល​បានបង្ហាញ​ក្នុង​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ បង្ហាញថា គិត​ចាប់ពី​ឆ្នាំ​២០១២ ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​បាន​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​ចំនួន ១០.១០១.២៩៥ សន្លឹក និង​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត បាន​ចំនួន ១០.០៨១.៤៧២ សន្លឹក លើ​ផែនការ ១០.៩៤៤.១០១ នាក់​។​

​ក្នុងនោះ ក៏មាន​កែតម្រូវ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គំរូ​ថ្មី ដែល​ខុស ស្ទួន​ខ្ចៅដៃ និង​បាត់ បោះពុម្ព​ឡើងវិញ បាន​ចំនួន ៦៥.៥៥៩ សន្លឹក កែតម្រូវ​ទិន្នន័យ​មិនបានការ ចំណួន ២១៣.៤២៣ នាក់​៕