​អាកាសយានដ្ឋាន​កងកេង នៃ​ខេត្ត​ព្រះសីហនុ​បាន ចាប់ផ្តើម​ពង្រីក​ផ្លូវ​រត់​របស់ខ្លួន​ហើយ !

​​ភ្នំពេញៈ​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា លោក​ពេជ្រ សុ​ប៉ុន​តារា​បាន​និយាយប្រាប់​អ្នកកាសែត​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ​កន្លងមក​ថា ការពង្រីក​អាកាសយានដ្ឋាន​កងកេង បានចាប់ផ្តើម​ហើយ ដោយ​ព្រលាន​នេះ​នឹង​ពង្រីក​ផ្លូវ​រត់​ប្រវែង​១.០០០​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ព្រលានយន្តហោះ​នេះ​ទទួលបាន​អ្នកដំណើរ​ច្រើនជាង​មុន និង​ចុះចត​យន្តហោះ​បាន​ទំហំ​ធំ​ជាង​មុន​។​លោក​បន្តថា ក្រោយ​ពង្រីក​គឺ​អាកាសយានដ្ឋាន​នេះ មាន​សមត្ថភាព​និង​ប្រវែង​ផ្លូវ​រត់​ប៉ុនគ្នា នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​សព្វថ្ងៃនេះ ខណៈ​សព្វថ្ងៃ​មាន​ទំហំ​ព្រលាន​នេះ​មាន​ទំហំ​ដូចគ្នា​នឹង​ព្រលាន​នៅ​ខេត្តសៀមរាប​។​
​ ​លោក​បន្តថា “​ក្រោយពេល​ផ្លូវ​រត់​នេះ​ពង្រីក​រួច យើង​នឹង​រៀបចំ​សាងសង់​អគារ​ទទួល​អ្នកដំណើរ​ជា​បន្ត ដើម្បី​អាច​ឲ្យ​អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​១០​លាន​នាក់​ក្នុង​មួយឆ្នាំ​”​។​លោក​បន្តថា “​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១១​បាននិងកំពុង​ចុះចត​ជាប្រចាំ​នៅ​ព្រលាន​នេះ ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការហោះហើរ​លក្ខណៈ​ជួល​នៅឡើយ​”​។​
​ ​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង ពី​ទំហំ​ទុនវិនិយោគ​លើ​ការពង្រីក​ប្រវែង​ផ្លូវ​រត់ និង​ការចំណាយ​សាងសង់​អគារ​ទទួល​អ្នកដំណើរ​នាពេល​អនាគត​នោះទេ​។​
​ ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា អាកាសយានដ្ឋាន​កងកេង នឹងត្រូវ​ពង្រីក ដើម្បី​ទទួលបាន​អ្នកដំណើរ​កាន់តែច្រើន ខណៈ​គោលដៅ​របស់​រដ្ឋាភិបាល​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​ទទួលបាន​អ្នកដំណើរ​តាមផ្លូវ​អាកាស​កើនឡើង​ដល់​៣០​លាន​នាក់​នៅ​ឆ្នាំ​២០៣០​ខាងមុខ​។​
​ ​ជាមួយគ្នានេះ ក្រុមហ៊ុន​Tianjing Union Development Group​ក៏​បាននិងកំពុង​ចាប់ផ្តើម​សាងសង់​អាកាសយានដ្ឋាន​លំដាប់​អន្តរជាតិ​មួយទៀត ស្ថិតនៅក្នុង​ស្រុក​បុ​ទុម​សាគរ នៃ​ខេត្តកោះកុង​។​
​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី​ឆាយ ស៊ីវ​លីន​មាន ប្រសាសន៍ថា ក្រោយ​ការពង្រីក​រួច​អាកាសយានដ្ឋាន​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង ព្រោះ​ធំ​ជាង​មុន អាច​ទទួល​ចុះចត​យន្តហោះ​ធំ​ជាង​មុន និង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ប្រសើរ​ជាង​មុន ជាមួយ​ប្រ​ព័​ន្ឋ​រៀបចំ​ទទួល​អ្នកដំណើរ​កាន់តែ​ងាយស្រួល និង​មាន​ផាសុខភាព​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ លោកស្រី​បន្តថា ខេត្ត​ព្រះសីហនុ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហេតុនេះ​អ្វី​សំខាន់​នាពេលនេះ តើ​យើង​មាន​អ្វី​ទាក់ទាញ​គេ​ក្រៅពី​តំបន់ឆ្នេរ​។​
​ ​លោកស្រី​បន្តថា “​ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន តែ​ការរៀបចំ​យឺត​ដោយ​បច្ចុប្បន្ន​ខេត្ត​នេះ​ខ្វះខាត​ធនធានមនុស្ស សេវា​បដិសណ្ឋារកិច្ច​នៅមានកម្រិត ភោជនីយដ្ឋាន​នៅ​មិនទាន់មាន​ភាពល្អប្រសើរ​”​។​លោកស្រី​បន្ថែមថា​” ក្រៅពី​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​របស់​យើងៗ​ត្រូវមាន​រមណីយដ្ឋាន​កែច្នៃ​បន្ថែមទៀត ព្រោះ​ភ្ញៀវទេសចរ​មិន​ត្រឹមតែ​ចង់​មក​កម្សាន្ត​នៅ​ឆ្នេរ​ខ្សាច់ ហើយ​ថតរូប​នោះទេ​”៕