ក្រុមហ៊ុន Amazon ប្រកាស​លុបផែនការ​កសាងទីស្នាក់ការ​នៅ​ញូវយ៉ក

(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុន E-Commerce ធំបំផុតរបស់សហរដ្ឋអាមេរិក Amazon ​បាន​ប្រកាស​​បោះបង់ចោលគម្រោងសាងសង់ទីស្នាក់ការថ្មី នៅឯទីក្រុងញូវយ៉ក ដោយសារតែការប្រឆាំងពី​អ្នកនយោបាយ​មួយចំនួន នៅ​ក្នុង​ទីក្រុងក៏ដូចជានៅក្នុងរដ្ឋញូវយ៉ក ខណៈអ្នកញូវយ៉កភាគច្រើនគាំទ្រ​ផែនការនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ​ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

​ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានចេញសេចក្តីថ្លែងការណ៍​យ៉ាងដូច្នេះថា «បន្ទាប់ពីពិចារណា​ឡើងវិញយ៉ាង​ហ្មត់ចត់​​ ពួកយើងបានសម្រេចថា នឹងមិនអនុវត្តន៍​គម្រោងសាងសង់ទីស្នាក់ការ​ថ្មីសម្រាប់ Amazon នៅឯ​​​តំបន់ ឡងអាយឡេនដ៍ (Long Island City) ក្នុង​​សង្កាត់ ឃ្វីនស៍ (Queens) នៃទីក្រុងញូវយ៉កឡើយ​»។

Amazon បានបន្តទៀតថា បើតាមការស្ទង់​មតិ​ប្រជាជនក្រុងញូវយ៉ក ៧០ភាគរយ គាំទ្រគម្រោង និងការវិនិយោគ​របស់​ក្រុមហ៊ុន​នៅក្នុង​ទីក្រុងនេះ ប៉ុន្តែអ្នកនយោបាយ​មួយចំនួនក្នុងទីក្រុង និងរដ្ឋញូវយ៉ក​បានបញ្ជាក់​យ៉ាងច្បាស់ថា ពួកគេជំទាស់ដាច់ខាត​​​ចំពោះវត្តមាន​របស់ Amazon ហើយនឹងមិន​ព្រមសហការកសាង​ទំនាក់ទំនង ដែលចាំបាច់​សម្រាប់ការអនុវត្តន៍​​​គម្រោង​​សាង​សង់​ទីស្នាក់ការ​ដែល​ Amazon ផ្ទាល់ និងមនុស្ស​ជាច្រើនទៀត បានទន្ទឹងរង់ចាំ​ថា នឹងលេចឡើង​នៅតំបន់ Long Island City នោះ​​ឡើយ។

គួរជម្រាបថា កាលពី​ឆ្នាំ២០១៧ ក្រុមហ៊ុន Amazon បានប្រកាស​អំពីការរកមើលទីតាំងសម្រាប់​ទីស្នាក់ការថ្មី ដែលជា​ហេតុធ្វើ​​ឲ្យ​ទីក្រុងអាមេរិក​ជាង ២០០ទីក្រុង ប្រកួតប្រជែងគ្នា​ដើម្បីទាក់ទាញទំហំវិនិយោគ​ដ៏ធំសម្បើមរបស់​ក្រុមហ៊ុន។ រហូត​មកដល់​​ខែវិច្ឆិកា ឆ្នាំ២០១៨ Amazon បានឲ្យដឹងថា ខ្លួននឹងសាងសង់​ទីស្នាក់ការថ្មី ០២កន្លែង មួយនៅសង្កាត់ Queens ក្រុងញូវយ៉ក ដែល​នឹងផ្តល់ឱកាស​ការងារ​ជាង ២៥,០០០កន្លែង និងមួយទៀត​នៅរដ្ឋ វ៉ឺជីនៀ (Virginia)។

Amazon បានបញ្ជាក់ថា ក្រុមហ៊ុននឹងមិនរកទីតាំងថ្មី​ជំនួសទីក្រុងញូវយ៉កឡើយ ប៉ុន្តែនឹងបន្តឆ្ពោះ​ទៅមុខជាមួយគម្រោង​សង់​​ទីស្នាក់ការនៅ Virginia ហើយ​ការ​សាងសង់​មជ្ឈមណ្ឌលប្រតិបត្តិការរបស់ខ្លួន នៅក្រុង ណាសវាល (Nashville) នៃរដ្ឋ ថេនណេស៊ី (Tennessee) ក៏ពុំមាន​ការប្រែប្រួលដែរ៕