ផ្លូវ​ក្រោម​ដី​ធំ​ថ្មី​មួយ នឹង​ត្រូវ​សាងសង់​នៅ​ផ្លូវ​ជាតិ​លេខ៥ ខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ មន្ត្រី​នៃ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​ (OCIC)​បាន​អះអាង​ថា ​ក្រុមហ៊ុន​កំពុង​សិក្សា​ ដើម្បី​សង់​ផ្លូវ​ក្រោម​ដី​ថ្មី​មួយ​ដែល​មាន​ប្រវែង​ ៥០០​ម៉ែត្រ នៅ​ក្រោម​ផ្លូវជាតិ​លេខ​៥ ដើម្បី​សម្រួល​ចរាចរណ៍​ នៅ​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ រាជធានី​ភ្នំពេញ។
លោក​ ទូច សំណាង​ អគ្គនាយករង​ក្រុមហ៊ុន​OCIC បាន​មានប្រសាសន៍​​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សិក្សា ពី​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ទាក់ទង​នឹង​ការសាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ខាងក្រោម​ផ្លូវជាតិ​លេខ​៥​ ដែល​ផ្លូវ​នេះ​ស្ថិតនៅ​ចំ​ពីមុខ​អតីត​ស្ថានីយ​ប្រេង​សូគីម៉ិច និង​អូស​កាត់​ក្រោម​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌប្ញស្សី​កែវ រាជធានី​ភ្នំពេញ ដែល​មាន​ប្រវែង​ចន្លោះ ​៤០០​ម៉ែត្រ​ទៅ​ ៥០០​ម៉ែត្រ​។

លោក​បន្ត​ថា ផ្លូវ​ក្រោម​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​នឹង​មាន​ទំហំ​ធំ​ដែល​អាច​មាន​ផ្លូវ​រថយន្ត​ចរាចរ​ទៅ​មក និង​ផ្លូវ​ម៉ូតូ​មួយ​ផង​ដែរ។ ​ផ្លូវ​នេះ​នឹង​អាច​បញ្ចប់​ការសាងសង់​ជាមួយគ្នា​នឹង​ស្ពាន​ខ្សែកាប​ភ្ជាប់​ទៅកាន់​ទឹកដី​ជ្រោយចង្វា បើសិនជា​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ជាមួយ​ប្រជាពលរដ្ឋ​រួច​ទាន់​ពេលវេលា​។
ទោះជា​យ៉ាងណា​លោក​ ទូច ​សំណាង​ បាន​ឲ្យ​ដឹង​ថា​ ថវិកា​ត្រូវ​ចំណាយ​សម្រាប់​សង់​ផ្លូវ​ក្រោម​ដី​នេះ មិនទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​គម្រោង​ថវិកា​នេះ​មិន​រួមបញ្ចូល​គ្នា​ជាមួយ​នឹង ថវិកា​សង់​ស្ពាន​យោង​ដោយ​ខ្សែកាប ទៅកាន់​តំបន់​ជ្រោយចង្វា​ឡើយ​៕