BREAKING NEWS: ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាស «ស្វាគមន៍កិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងជើង» និងកិច្ចប្រជុំនានាគ្រប់កម្រិត…

(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃពុធនេះ​បានប្រកាសថា រូបលោកទទួល​ស្វាគមន៍​ជានិច្ច ចំពោះ​ការ​​បើកកិច្ច​ប្រជុំកំពូលមួយជា​មួយកូរ៉េខាងជើង ប្រសិនបើលក្ខខណ្ឌ​ចាំបាច់នានា អាចត្រូវបានបំពេញ​។ នេះបើតាម​ការចេញផ្សាយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

លោក មូន បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​មួយថា ប្រសិនបើ​លក្ខខណ្ឌនានា​អាចត្រូវបំពេញ​បាននោះ លោកនឹងអាច​​បើកកិច្ច​ប្រជុំ​កំពូលអន្តរកូរ៉េ​បាននៅគ្រប់​ពេលវេលា ហើយលោកក៏មិន​ប្រកាន់ថាជំនួប​ប្រភេទណាដែរ​ ដោយរួមទាំងកិច្ច​ពិភាក្សាកំពូល។​ តែ​​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បានគូស​បញ្ជាក់ថា កិច្ចប្រជុំ​កំពូលនោះ គួរតែនឹងទទួលបាន​លទ្ធផលគួរ​ឲ្យកត់សម្គាល់ ហើយ​លក្ខ​ខណ្ខ​ផ្សេងៗ គួរតែត្រូវ​បង្កើតឡើង ដើម្បីបើកកិច្ច​ពិភាក្សា​បែបនេះ។

គួរជម្រាបថា ការធ្វើអត្ថាធិប្បាយ​របស់លោក មូន ធ្វើឡើងមួយ​ថ្ងៃក្រោយ​ពី​ ក្រុមមន្រ្តីតំណាង​ទីក្រុងសេអ៊ូល​ និងទីក្រុងព្យុងយ៉ាង​ បានបើក​កិច្ចសន្ទនាជាន់​ខ្ពស់ជាមួយគ្នា ជាលើកដំបូង​ក្នុងអំឡុងពេល​ជិត ០២ឆ្នាំ កន្លងទៅនេះ ហើយបានព្រមព្រៀង​គ្នាបើក​កិច្ច​ពិភាក្សា​យោធា​ថែមទៀត ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង​នៅឧបទ្វីបកូរ៉េ។

នាឱកាសនោះ កូរ៉េខាងជើង​ក៏បានយល់ព្រមបញ្ជូន​ក្រុមប្រតិភូ​ជាន់ខ្ពស់ ព្រមទាំង​អត្តពលិក ឲ្យមកចូលរួម​ព្រឹត្តិការណ៍​កីឡាអូឡាំ​ពិក​រដូវរងារ​ឆ្នាំ២០១៨ ដែលនឹង​ប្រារព្ធឡើង​នៅលើទឹកដី​កូរ៉េខាងត្បូង នាខែកុម្ភៈផងដែរ៕