ផ្ទុះគ្រាប់ច្នៃបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់

រតនគិរី៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់បែកកែច្នៃដែលខ្លួនបានច្នៃយកទៅបោកត្រី។ ករណីនេះកើតឡើងកាលពី វេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចអូរតាង ស្ថិតក្នុងភូមិសាស្រ្តភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

មន្រ្តីនគរបាលមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រចំ លិប ភេទប្រុសអាយុ៣១ឆ្នាំជនជាតិចារ៉ាយ មានទីលំនៅនៅភូមិតេនអ៉លឃុំយ៉ាទុងស្រុកអូយ៉ាដាវខេត្តរតនគិរីបានរងរបួសត្រូវប្រអប់ដៃខាងស្តាំ ត្រូវមុខ និងត្រូវជង្គង់ទាំងសងខាង។ ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕