បង្ហាញ​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​ដែល​សង់​កម្រាល​និង​ចិញ្ចើមផ្លូវ​កាត់បន្ថយ​ទឹក​ដក់​

(សៀមរាប)៖ ​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប កាលពីពេល​ថ្មីៗ​នេះ លោក​ Hiroya Kon អ្នកគ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុន Omura Ceratec Co.,Ltd​ បានបង្ហាញ​អំពី​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល​និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក​តាម​បណ្តោយ​ផ្លូវ​២​ធ្នូ​ប្រវែង​៩៣​ម៉ែត្រ​ពី​ចំណុចប្រសព្វ ​Pub Street ​ដល់​មុខ​ខ្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ចំពោះ​គម្រោង​សាកល្បង​នេះ​មាន​គោលបំណង​រួមចំណែក​ការពារ​ទឹកជំនន់​ដក់​លើផ្លូវ​និង​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង ដោយ​ប្រើ​កម្រាល​ដុំ​បេតុង​ជំរាប​ទឹក (Permeable Interlocking Block Pavement) ​ជា​បច្ចេកវិទ្យា និង​ស្តង់ដារ​ជប៉ុន​។​ការ​អនុត្ត​គម្រោង​នេះ​គឺ​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ដែល​ហៅ​កាត់​ថា JICA​ និង​មន្ទីរ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប ដែល​គម្រោង​នេះ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រោង​បញ្ចប់​ទាំងស្រុង​ក្នុង​ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប មានប្រសាសន៍ថា នេះ​ជា​គម្រោង​មួយ​ថ្មី ដែល​យើង​នឹងសិក្សា​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ការបែងចែក​ទ្រូងផ្លូវ ផ្លូវ​ថ្មើរជើង ។​ចំណត​យានយន្ត​ដើម្បី​ធ្វើឱ្យមាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ជួយ​កាត់បន្ថយ​នូវ​ការកកស្ទះ​ក្នុង​ទីប្រជុំជន ខណៈដែល​កាលពី​ខែមករា ឆ្នាំ​២០១៧ JICA បានមក​ទំនាក់ទំនង​និង​សិក្សា​ពី​ទីតាំង ក្រោម​ការសហការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក្រុង​សៀមរាប និង​បានការ​គាំទ្រ​ជំរុញ​បន្ថែម ពី​ក្រសួង​សាធារណៈការ​និង​ដឹក​ដឹកជញ្ជូន​ផ្តោត​សំខាន់​ទៅលើ​តំបន់​ក្នុង​ក្រុង​ដែលមាន​ទេសចរ​ធ្វើដំណើរ​ថ្មើរជើង​ច្រើន ។​

លោក​ ទៀ ​សីហា ​អភិបាលខេត្ត​បាន​សម្តែង​ការគាំទ្រ​និង​ចាត់ទុក​គម្រោង​នេះ​ថា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​តំបន់​ក្នុង​​ក្រុងដែល​អ្នកទេសចរ​ឆ្លងកាត់​ទៅមក​ច្រើន និង​ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ឱ្យ​សក្ដិ​សមជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​ដូច្នេះ​លោក​អភិបាលខេត្ត សុំ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​បន្ត​សិក្សា​និង​ពិនិត្យមើល​ទីតាំង​បែងចែក​គន្លង​ផ្លូវ​សម្រាប់​ថ្មើរជើង​គន្លង​ផ្លូវ​សម្រាប់​ជនពិការ​និង​ទីតាំង​សម្រាប់​ចត​យានយន្ត​ជាដើម​តាម​ពណ៌​កំណត់សម្គាល់​ដាច់ដោយឡែក៕