កិច្ចពិភាក្សា​ពាណិជ្ជកម្ម​អាមេរិក​-​ចិន នឹង​បន្តធ្វើ​នៅ​សប្តាហ៍​ក្រោយ ខណៈ​ត្រាំ​ព្រលយ​អំពី​ការពន្យារពេល​កំណត់​

សហរដ្ឋអាមេរិក​និង​ចិន​នឹង​បន្ត​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្រុង​វ៉ាស៊ីនតោន ខណៈពេល​កាន់តែ​ខើច​សំរាប់​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់គេ តែ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ឡើងវិញ​កាលពី​ថ្ងៃ​សុក្រ​ទី១៥​​កុម្ភៈ​ថា លោក​អាច​ពន្យារពេល​ហួស​ថ្ងៃ​០១​មីនា​សំរាប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​មួយ​។​

​ទាំង​ភាគី​អាមេរិក​និង​ចិន​សុទ្ធតែ​បាន​អះអាង​អំពី​ការរីកចំរើន​ចេញពី​ការចរចា​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉េកាំង​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​។​

​ថ្លែង​នៅ​សេត​វិមាន លោក​ត្រាំ​បាន​និយាយថា អាមេរិក​ជិត​សំរេចបាន​«​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាក់ស្តែង​មួយ​»​ ជាមួយ​ចិន​និង​បាន​និយាយថា លោក​នឹង​ត្រូវគេ​ផ្តល់​កិត្តិយស​ដោយសារតែ​ការដកចេញ​ការ​វាយ​ពន្ធ​ពិន័យ បើ​មាន​កិច្ចព្រមព្រៀង​មួយ តែ​លោ​កថា កិច្ចពិភាក្សា «​ស្មុគស្មាញ​ណាស់​»​។​

​លេខា​ព័ត៌មាន​សេត​វិមាន សា​រ៉ា ស៊ែ​ន​ឌ័​រ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ នឹង​បន្តធ្វើ​ការ​លើ​បញ្ហាសំខាន់ៗ​ទាំងអស់​មុន​កាលកំណត់​ថ្ងៃ​១​មីនា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ​គ្រោង​នឹង​ដំឡើង​ពី​១៥​ទៅ​២៥​ភាគរយ បើ​ការចរចា​មិន​សំរេចបាន​កិច្ចព្រមព្រៀង​ណាមួយ​នៅត្រឹម​ថ្ងៃ​០១​មីនា​ដើម្បី​ដោះស្រាយ​ការទាមទារ​របស់​អាមេរិក​អោយ​ចិន​ទប់ស្កាត់​ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ ការ​លួច​កម្មសិទ្ធិ​បញ្ហា​និង​អតុល្យភាព​ពាណិជ្ជកម្ម​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​លោក​នឹង​ពន្យារពេល​៦០​ថ្ងៃ​ទៀត​ហួស​ពី​កាលកំណត់​ខែក្រោយ​ដែរ​ទេ លោក​ត្រាំ​បាន​និយាយថា​​«អាចមាន​លទ្ធភាព​ដែល​ខ្ញុំ​ពន្យារពេល​។​តែបើ​ខ្ញុំ​ធ្វើ​រឿង​ណឹ​ង ទាល់តែ​ខ្ញុំ​មើលឃើញថា​វា​ជិត​នឹង​សំរេច​កិច្ចព្រមព្រៀង​មួយ ឬក៏​ថា កិច្ចព្រមព្រៀង​នោះ​កំពុងស្ថិត​ក្នុងទិសដៅ​ត្រឹមត្រូវ​…»​។​

​លោក​ត្រាំ ក៏បាន​និយាយថា លោក​ពិចារណា​នាំ​ពួក​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ រួមមាន​ប្រធានសភា និង​ព្រឹទ្ធសភា អោយ​ពិភាក្សាគ្នា​នៅ​ដំណាក់កាល​ចុងក្រោយ​ដើម្បី​បន្ថយ​ជា​អតិបរមា​អំពី​ការជំទាស់​របស់គេ​លើ​កិច្ចព្រមព្រៀង​នេះ​។​

​ក្នុងពេល​ជាមួយគ្នា កាលពី​ថ្ងៃ​សុក្រ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​របស់​រដ្ឋ​ចិន​បាន​និយាយថា ចិន​និង​អាមេរិក​បាន​ឈាន​ដល់​«​ការស្រុះស្រួល​មតិ​គ្នា​ជាគោលការណ៍​»​លើ​បញ្ហា គន្លឹះ​ខ្លះ និង​ថា​គេ​បាន​ពិភាក្សា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​អំពី​ពាណិជ្ជកម្ម​និង​បញ្ហា​សេដ្ឋកិច្ច​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ដដែល​បាន​និយាយថា ក្រោយ​កិច្ច​ពិភាក្សាគ្នា​អស់​១​សប្តាហ៍ តំណាង​អាមេរិក​រួមមាន​លោក​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក ស្ទេ​វិ​ន ម្នូ​ជីន បាន​ចូលជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សុក្រ និង​ក្រោយ​ជំនួប លោក​ម្នូ​ជីន បាន​និយាយថា​លោក​និង​លោក​ឡាយ​ធី​ហ្ស៊ឺ ដែលជា​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​មាន​ជំនួប​ដ៏​ស្ថាបនា​ជាមួយ​ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់លោក​ស៊ី គឺ​ឧបនាយករដ្ឋមន្ត្រី លីវ ហឺ​។​

​លោក​បាន​បន្ថែមថា ចិន​មានបំណង​ចាត់វិធានការ​សហការ​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ចំណែក​លោក​ឡាយ​ធី​ហ្ស៊ឺ បាន​ប្រាប់ លោក​ស៊ីថា ពួកលោក​បាន​មាន​កិច្ចពិភាក្សា​២​ថ្ងៃ​ល្អ​ណាស់​និង​បានធ្វើអោយ​មានការ​រីក​ចំរើន​លើ​បញ្ហាសំខាន់​និង​ពិបាកៗ​។​«​យើង​មាន​ការងារ​ត្រូវ​ពិភាក្សា​បន្ថែម តែ​យើង​សង្ឃឹម​»៕​