ដោះលែង​និង​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​៤៧​នាក់ បន្ទាប់ពី​ចាប់ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ករណី​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់​

(បន្ទាយមានជ័យ​)៖ តុលាការខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​(​ក្រៅ​ឃុំ​បណ្តោះអាសន្ន​) ជនជាតិ​ម៉ាឡេស៊ី​៤៧​នាក់ ហើយ​បញ្ជូន​មាតុភូមិនិវត្តន៍​ទៅ​សហព័ន្ធ​ម៉ាឡេស៊ី​វិញ​។ ដោយមាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ក្រុមការងារ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បាន​សម្រប​សម្រួលការ​ងារ​នេះ ជាមួយ​អាជ្ញាធរ​តុលាការ​នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ឈានដល់​មានការ​ដោះលែង​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នូវ​ជនជាតិ​ម៉ាឡេស៊ី​ខាងលើ កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែកុម្ភ​: ហើយ​នាំទៅ​ស្នាក់​នា​សណ្ឋាគារ​ពីរ៉ាមីត​ក្រុង​សិរីសោភ័ណ​។​

​លុះដល់​ថ្ងៃទី​១៦​ខែកុម្ភៈ ពេញ​១​ថ្ងៃ​ពី​ព្រឹក​ទល់​ព្រលប់ លោក អូស្មាន ហាស្សាន់ និង​ក្រុមការងារ រូ​ហ្សា​នី ណូ​កា​ម៉ា​ត ភា​រី​ធា​រី​ស្ថាន​ទុ​ត​ម៉ា​ឡ​ស៊ី ប្រចាំ​កម្ពុជា បានទទួល​លោកស្រី​ស្រ៊ី ហ្វា​ទីណា​ស់ អាប់​ឌូ​ឡាស រដ្ឋមន្ត្រី​សុខុមាលភាព​សង្គម ជីវភាព​សហគមន៍ គ្រួសារ​ស្ត្រី និង​កុមារ​ម៉ាឡេស៊ី លោក សេរី វ៉ាន់ ជូ​ណៃ​ឌី សមាជិកសភា​រដ្ឋ​សា​បា សហព័ន្ធ​ម៉ាឡេស៊ី និង​ក្រុម​ការងារ ដើម្បី​ជួប​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី ដែល​ត្រូ​ប​ដោះលែង​ទាំងនោះ និង​ធ្វើ​សន្និសីទកាសែត​មួយ​។​

​លោក អូស្មាន ហាស្សាន់ និយាយថា តាម​សាច់រឿង​ត្រួសៗ គឺ​ជន​ជាត់​ម៉ាឡេស៊ី​ទាំងនោះ មាន​មកពី​រដ្ឋ​សា​រ៉ា​វ៉ា​ក់ រដ្ឋ​សា​បា រដ្ឋសេ​ឡាំង​ង៉​រ រាជធានី​គូ​ឡា​ឡាំ​ពួរ​។ ពួកគេ​បាន​ចូលមក​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេស​ក​ម្ព​ជា ហើយ​អាច​​ត្រូវចាញ់បោក​មេខ្យល់ និង​បក្ខពួក​ផ្សេងទៀត ដែល​គេចខ្លួន​៦-៧​នាក់ ក្នុងចំណោម​៥៣​នាក់​(​ចាប់បាន​៤៧​នាក់​) ពីបទ​បើក​បន​ល្បែង​អន​ឡាញ​ខុសច្បាប់​។​

​ប៉ុន្តែ​ក្រោយ​ការសម្រួល​សម្រួល​ខាងលើ អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានសម្រេច​ដោះលែង​ក្រៅ​ឃុំ​បណ្តោះអាសន្ន​(​តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​លេខ​៥០ ដល ឆ ចុះ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៩ ដោយ​ចៅក្រម​ញឹម ពិសាល​។​

​ដីកា​នោះ​បញ្ជាក់ថា ជន​ជាត់​ម៉ាឡេស៊ី​ខាងលើ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក បើក​បន​ល្បែងស៊ីសង កាន់កាប់​ល្បែងស៊ីសង និង​ចាត់ចែង​ល្បែងស៊ីសង ប្រព្រឹត្ត​នៅ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ ប៉ុន្តែ​ឥឡូវ ត្រូវ​បង្គាប់​ឲ្យ​ដោះលែង​។​

​សូម​រំលឹកថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ដែលមាន​ការសម្របសម្រួល ដឹកនាំ​ដោយ​លោក តេង សា​ម៉ៃ ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​និង​ចៅក្រម​តុលាការខេត្ត​បន្ទាយមានជ័យ និង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ចុះ​ឆែកឆេរ​និង​ចាប់ខ្លួន​ជន​ជនជាតិ​បរទេស​ខាងលើ ដែល​បើកមុខ​របរ​​រក​ស៊ី​អន​ឡាញ​ដោយ​ខុសច្បាប់​ចំនួន​ពីរ​ទីតាំង​។​

​ទោះជា​យ៉ាងណា នៅឯ​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃទី​១៦​ខែកុម្ភៈ ទាំង​លោក អូស្មាន ហា​ហ្សា​ន់ ទាំង​លោកស្រី​ស្រ៊ី ហ្វា​ទីណាស់ អាប់​ឌូ​ឡាស បានកត់សម្គាល់​ការគោរព​ថ្លែងអំណរគុណ​ដល់​សម្តេច ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងពាក់ព័ន្ធ នៃ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ដូច​ស្ថាប័ន​តុលា​ការដែល​អន្តរាគមន៍ សម្របសម្រួល ខិតខំ​រហូត​ឈានដល់​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៤៧​នាក់​។ ហើយ​ពួកគេ​នឹង​ត្រូវបញ្ចូ​ន​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ តាម​ជើងយន្តហោះ​ពិសេស តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​៕