ថៃ​ចូលមក​រករឿង​កសិក​រ​ខ្មែរ​ឱ្យ​ដក​ដំឡូង​មី​ចេញ​ឱ្យអស់​៦​ហិកតា ទាំង​មិនទាន់​ដល់​អាយុកាល​

​(បន្ទាយមានជ័យ) ៖ សមត្ថកិច្ច​ចម្រុះ​ថៃ​មួយក្រុម​បាន​ចូលមក​កម្ពុជា​រករឿង​កសិករ​ខ្មែរ​ដោយ​បញ្ជា​ឲ្យ​ដក​ដំឡូង​មី​ឲ្យ​អស់​នៅ​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០១៩ បើទោះជា​ម្ចាស់​ចំការ​សុំ​ពេល​៣​ខែ​ទុក​ឲ្យ​ដំឡូង​ធំ​សិន​ក៏ដោយ ។

​ចំណុចកើតហេតុ​ស្ថិតនៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ឈម​ទឹកដី​ថៃ ភូមិ​ណង​យ៉ា​កែវ ឃុំ​គ្ក​ធ្យូង ស្រុក​គ្ក​ធ្យូង ខេត្ត​ស្រះកែវ ។ ទីតាំង​កើតហេតុ​មាន​ដំឡូង​មី​មិនទាន់​គ្រប់​អាយុ​ចំនួន​៦​ហិកតា ដាំ​ដោយ​គ្រួសារ​ចំនួន​២ ក្នុងនោះ​គ្រួសារ​ទី​១-​ឈ្មោះ​សំណាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ស៊ា​ង ឡេង អាយុ​៦១​ឆ្នាំ មាន​ចំនួន​៥​ហិកតា ចំណែក​គ្រួសារ​ទី​២-​ឈ្មោះ​សេង សុខា អាយុ​៥៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ភួយ​ហឿ​ត អាយុ​៣៣​ឆ្នាំ មាន​ចំនួន​១​ហិកតា ។

​គ្រួសារ​រងគ្រោះ​ទាំង​២​ខាងលើ​ជា​បងប្អូន​នឹង​គ្នា រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

​គ្រួសារ​រងគ្រោះ​ទាំង​២​ខាងលើ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យដឹងថា ពួកគាត់​ជួល​ដី​គេ​ដាំដំឡូង​មី ដើម្បី​អាស្រ័យ​ផល ព្រោះ​គ្រួសារ​របស់​ពួកគាត់​ក្រីក្រ​គ្មាន​មុខរបរ​។​

​គ្រួសារ​រងគ្រោះ​ទាំង​២​ខាងលើ​បាន​បន្តថា កាលពី​ដើមឡើយ គ្មាន​អ្នកណា​ហាមឃាត់ ឬ​រារាំង​ទេ ទើប​មួយ រយៈ​ចុង​ក្រោយនេះ ពោលគឺ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ថៃ​តែងតែ​មករក​រឿង​ដោយ​ឲ្យ​គ្រួសារ​របស់​ពួកគាត់​ធ្វើ​ការដក​ដំឡូង​លើ​ផ្ទៃដី​ដែល​ដាំ​ចំនួន​៦​ហិកតា​ឲ្យ​អស់ បើទោះជា​ដំឡូង​មី​របស់​ពួកគាត់​នៅ​មើម​តូច​មិនទាន់​ដល់​អាយុ​កាលដែល​ត្រូវ​ដក ព្រោះ​ទើប​ដាំ​បានត្រឹមតែ​រយៈពេល​៤​ខែ​ក្តី ។

​គ្រួសារ​រងគ្រោះ​ទាំង​២​ខាងលើ​បាន​ប្រាប់ថា កាលពី​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ សមត្ថកិច្ច​ថៃ​បាន​យក​គ្រឿងចក្រ​មួយគ្រឿង​ពណ៌​ក្រហម (​ត្រាក់ទ័រ​) មក​ក្នុង​ចំការ​របស់​ពួកគាត់​គំរាមថា បើ​ពួកគាត់​មិន​ដក​ដំឡូង​មី​តាម​ពួកគេ​ស្នើសុំ​ទេ​ពួកគេ​នឹង​យក​ត្រាក់ទ័រ​ឈូសឆាយ​កម្ទេចចោល​តែម្តង ។ ទោះបីយ៉ាងណា​ក៏ដោយ បញ្ហា​ខាងលើ​ត្រូវបាន​ស្អប់​ទៅវិញ ដោយ​កម្លាំង​ជួរមុខ​កម្ពុជា​ធ្វើការ​រារាំង​មិន​ឲ្យ​ភាគី​ថៃ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ឡើយ ហើយ​សមត្ថកិច្ច​ថៃ​បាន​ដក​កម្លាំង​ទៅវិញ​នៅ​ព្រឹក​ដដែល​។​

​តាម​លោក​វរសេនីយ៍ត្រី​សួន បូរ៉ា មេបញ្ជាការ​សេនាធិការ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ ក៏ដូចជា​យោធា​ជួរមុខ​កម្ពុជា​ដែលមាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ប្រាប់ថា មុនពេល​កើតហេតុ ភាគី​ថៃ​បាន​ចូល​មកជួប​ខាង​លោក​២​ដង​មកហើយៗ គេ​លើក​ពី​ចំណុចកើតហេតុ​គឺ​និយាយ​ពី​MOU ដោយ​ថា ចង់​រក្សា​អ្វីៗ​ឲ្យ​នៅ​ដដែល​ទាំងសងខាង​មិន​ឲ្យ​ឈូសឆាយ​ឬ​មិន​ឲ្យ​ធ្វើ​អ្វី​ឡើយ​។​

​កម្លាំង​ជួរមុខ​បាន​បន្តថា កន្លងមក​បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខាងលើ​ធ្វើ​ចំការ​នៅ​ចំណុចកើតហេតុ​ទេ ព្រោះ​ជា​តំបន់​ប្រទាញប្រទង់ ឬ​ហាមឃាត់ ព្រោះ​ទុក​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ជា​អ្នកសម្រេច ។​

​គ្រួសារ​រងគ្រោះ​ទី​២​ខាងលើ​និយាយថា គ្រួសារ​គាត់ និង​ង​គ្រួសារ​បង​របស់គាត់​អង្គុយ​យំ​មួយ​ព្រឹក​ហើយ ព្រោះតែ​យកប្រាក់​ធនាគារ​ទៅ​ផ្សងសំណាង​ធ្វើ​ចំការ​ក្រែង​បាន​ផល និង​មាន​ការងារ​ធ្វើ​នឹង​គេ ដឹងអី​ពេលនេះ​ភាគី​ថៃ​មករក​រឿង​ឲ្យ​ដក​ទាំង​ដំឡូង​មី​នៅ​តូច​ពុំទាន់​មាន​ម្សៅ​ល្អ ម្យ៉ាង​អាកាសធាតុ​គ្មាន​ភ្លៀង ដី​រឹង​ដក​ផល​ដំឡូង​មី​ក៏​យ៉ាប់​ទៀត ។ ពួកគាត់​និយាយថា មិនគួរ​សោះ​ជា​ដី​ខ្មែរ បែរជា​ភាគី​ថៃ​មាន​សិទ្ធិមក​រករឿង​សព្វបែបយ៉ាង ។ ព័ត៌មាន​លម្អិត​នឹងមាន​ផ្សាយ​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព៕