បទ​វិភាគ​៖ ហេតុអ្វី ថៃ សម្រេច​ឲ្យ​មានការ​បោះឆ្នោតជាតិ​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ រឿងនេះ​មិនគួរ​វិភាគ​ជ្រៅ​ពេក​នោះទេ ព្រោះ​ជា​រឿង​នៅលើ​គោក​។ ថៃ បាន​លើក​ពេល​បោះឆ្នោត​ម្តង​ហើយ​ម្តងទៀត រហូត​សម្រេចយក​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩​នេះ​។

​សួរថា ហេតុអ្វីក្រុម​ក្បាលម៉ាស៊ីន​ដឹកនាំ​ថៃ រួមទាំង​ស្ថាប័ន​រាជបល្ល័ង្គ និង​ជាពិសេស លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចារ យល់ព្រម​សម្រេច​ឲ្យ​មានការ​បោះឆ្នោត​នេះ​ឡើង​? ចម្លើយ​ងាយ​យល់​៖ «​គេ​មិនដែល​រៀបចំ​បោះឆ្នោត​ឲ្យ​ចាញ់​នោះទេ​»​។ ដូច្បេះ បើ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ប្រមើល​ឃើញថា ចាញ់ គឺ​គាត់​មិន​ឲ្យ​មានការ​បោះឆ្នោត​នោះទេ​។ គាត់​មើល​ឃើញច្បាស់​ថា «​ឈ្នះ​»​។​

​លើសពីនេះ​ទៀត លោក​ប្រា​យុទ្ធ និង​ក្រុម​កាន់អំណាច​នៅ​ប្រ​ទស​ថៃ មិន​ល្ងង់​រហូត​យក​អំណាច​ទៅ​ឲ្យ​អ្នកណា​ផ្សេង​គ្រប់​គ្រងនោះទេ​។ នៅក្នុង​ប្រទេស​ថៃ លោក​ប្រា​យុទ្ធ ពិតជា​ទទួលបាន​ប្រជាប្រិយភាព​ពី​សំណាក់​ប្រជាជន​ថៃ បន្ទាប់ពី​គាត់​ធ្វើ​រដ្ឋប្រហារ និង​គ្រប់គ្រង​បាន​ទំនាស់​ជ្រាលជ្រៅ​រវាង​អ្វី​ហៅថា ក្រុម​អាវ​លឿង និង ក្រុម​អាវ​ក្រហម នៅក្នុង​ប្រទេស​ថៃ​។ វិធីរៀបចំ​ការបោះឆ្នោត​ដែល​ដឹងថា ឈ្នះ នេះ ក៏​ដើម្បី​ថៃ​ស្តារ​មុខមាត់​ប្រទេស​ខ្លួន​នៅ​ឆាក​អន្តរជាតិ​ផងដែរ​។

​លោក ប្រា​យុទ្ធ ទោះបី​ជាមាន​ប្រជាប្រិយភាព​ជាង​បេក្ខជន​ផ្សេងៗ​ទៀត ក៏ប៉ុន្តែ ដើម្បី​ធានា​នូវ​ការ​ឈ្នះឆ្នោត​ឲ្យ​កាន់តែច្បាស់ ក៏មាន​វិធាន​ការប្តឹង​រំលាយ​គណបក្ស និង​ដាក់​បំរាម​ហាមឃាត់​សិទ្ធិ​នយោបាយ​ចំពោះ​បេក្ខជន​ប្រជែង​មួយចំនួន​ផងដែរ​។​

​ជាការ​កត់សំគាល់​ពិសេស​មួយ​អំពី​អត្តចរិត​អ្នកនយោបាយ​ថៃ នៅត្រង់ថា​៖ នៅ​ប្រទេស​ថៃ គឺមាន​បញ្ហា​ចាក់ស្រេះ រដ្ឋប្រហារ បាតុកម្ម​ពេញ​ក្រុង​បាងកក រហូត​មានការ​រំលាយ​គណបក្ស បិទ​សិទ្ធិ​នយោបាយ ប្តឹង និង​នី​រទេស​… ប៉ុន្តែ​គ្មាន​អ្នកនយោបាយ​ថៃ ណាមួយ ធ្វើ​ចរិត​ទាប​ថោក ឬ​ពើងទ្រូង​ពឹង​បរទេស​ឲ្យ​បំផ្លាញ​ជាតិ​ឯង​នោះទេ​៕​