ខ្ទេច​គ្មាន​សល់​! ចង់​ដុត​សំបុក​ឪម៉ាល់​… ឪម៉ាល់​មិន​អី បែរជា​អី​ខ្លួនឯង​

​(ស្វាយរៀង) ៖ ផ្ទះមួយ​ខ្នង​ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​នាំគ្នា​ជួយ​បាញ់​ទឹក និង​ជះ​ពន្លត់ ប៉ុន្តែ​អកុសល​ហួសពេល​ទៅហើយ ខណៈដែល​ម្ចាស់ផ្ទះ​យក​ភ្លើង​មក​ដុត​សំបុក​ឪម៉ាល់​នៅលើ​ដំបូល​ក្នុងផ្ទះ​របស់ខ្លួន ធ្វើឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​អស់​ក្លាយជា​ផេះផង់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ចុង​ព្រែក ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ស្រុក​រមាសហែក​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ សៅ អ៊ា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ចុង​ព្រែក ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក ចំពោះ​ផ្ទះ​ដែល​ខូចខាត​មាន​បណ្ដោយ​ទំហំ​៦​ម៉ែត្រ​គុណ​៦​ម៉ែត្រ សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក ចំណែក​សម្ភារ​ខូចខាត​រួមមាន ស្រូវ​ចំនួន​២៥០​គី​ទ្បូ សសរផ្ទះ​១២​ដើម​ម៉ាស៊ីន​បាញ់ថ្នាំ​ស្រូវ​១​គ្រឿង កង់​១​គ្រឿង និង​លុយ​មួយចំនួនធំ​។​

​បើតាម​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គឺ​គាត់​មាន​គោលបំណង​យក​សំបុក​ឪម៉ាល់​ចេញពី​ដំបូលផ្ទះ​ក្នុងផ្ទះ​របស់ខ្លួន បន្ទាប់មក​ក៏បាន​យក​ភ្លើង​មក​ដុត​សំបុក​នោះ ប៉ុន្តែ​មិន​ប្រយ័ត្ន​ស្រាប់តែ​ឆាបឆេះ​ជញ្ជាំង​ឡើង ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង និង​ស្រែកហៅ​អ្នកភូមិ​នាំគ្នា​មកជួយ​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​អកុសល​ហួសពេល​ទៅហើយ ដោយ​ផ្ទះ​ជញ្ជាំង​ស្លឹក​ផង ភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង ទម្រាំ​អ្នកស្រុក​រក​ទឹក​យកមក​បាន​បាញ់​ពន្លត់ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​អស់​ទៅហើយ ទាំង​ទ្រព្យ​ដែលមាន​តិចតួច សល់​តែ​ខោអាវ​មួយ​ចង្កេះ​៕