មានសង្ឃឹមហើយ! យន្តហោះ MH370 អាចនឹងរកឃើញវិញ ក្នុងពេល៣ខែទៀត

រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​នូវ​ប្រាក់​រង្វាន់​ចំនួន ៧០លាន​ដុល្លារ ប្រសិន​បើ​គេ​អាច​រក​ឃើញ​យន្តហោះ MH370 ឬ ប្រអប់​ខ្មៅ​របស់​វា​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល ជិត​៤ឆ្នាំ​​មក​ហើយ។

ក្រុមហ៊ុន​រុករក​ប្រេង Ocean Infinity នឹង​ធ្វើ​ការ​រុក​យន្តហោះ MH370 ​ក្នុង​តំបន់​ថ្មី​ដែល​មាន​ទំហំ ២៥ ០០០គីឡូម៉ែត្រការ៉េ ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រុម​អ្នក​ជំនាញ​ថា​ជា​កន្លែង​នៃ​កម្ទេចកំទី​យន្តហោះ។

ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​រដ្ឋ Texas ខាង​លើ​មាន​ពេល ៣ខែ ដើម្បី​បំពេញ​ភារកិច្ច​នេះ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​របស់​ម៉ាឡេស៊ី លោក Liow Tiong Lai បាន​និយាយ​ថា ពួកគេ​មាន​ឱកាស ៨៥ភាគរយ​នៃ​ការ​ស្វែង​រក​កម្ទេចកំទី​នៅ​ក្នុង​តំបន់​ស្វែងរក​ថ្មី​នោះ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​ប្រភេទ Boeing 777 ដែល​ស្ថិត​នៅ​លើ​ជើង​ហោះហើរ MH370 បាន​បាត់​ដំណឹង​កាល​ពី​ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ២០១៤ ក្នុង​មហាសមុទ្រ​ឥណ្ឌា ក្រោយ​ហោះ​ហើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​ទីក្រុង​​ប៉េកាំង ប្រទេស​ចិន ជាមួយ​នឹង​អ្នក​ដំណើរ ២២៧នាក់ និង​នាវិក ១២នាក់​ផង​ដែរ។

យ៉ាងណាមិញ ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី ជាមួយ​ក្រុមហ៊ុន Ocean Infinity កាល​ពី​ថ្ងៃ​ទី១០ ខែ​​មករា ឆ្នាំ២០១៨ ពោល​គឺ​រយៈពេល​១ឆ្នាំ​ បន្ទាប់​ពី​ការ​ស្វែងរក​ជា​ផ្លូវការ​ដោយ​ប្រទេស​ម៉ាឡេស៊ី , អូស្ត្រាលី និង ចិន នៅ​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​ត្រូវ​បាន​លុប​ចោល។

លោក Liow បាន​បន្ថែម​ថា ​រដ្ឋាភិបាល​នឹង​ឲ្យ​ប្រាក់​រង្វាន់​ដល់​ក្រុមហ៊ុន Ocean Infinity ចំនួន ២០លានដុល្លារ សម្រាប់​ការ​ស្វែងរក​ជោគជ័យ​លើ​ទំហំ​ដី ៥ ០០០គីឡូម៉ែត្រការ៉េ , ៣០លានដុល្លារ សម្រាប់ ១៥ ០០០គីឡូម៉ែត្រការ៉េ , ៥០លានដុល្លារ សម្រាប់ ២៥ ០០០គីឡូម៉ែត្រការ៉េ និង ៧០លានដុល្លារ ប្រសិន​បើ​រក​ឃើញ​យន្តហោះ ឬ ប្រអប់​ខ្មៅ នៅ​ក្រៅ​តំបន់​កំណត់​ខាង​លើ៕