លោក ត្រាំ ទទួលជោគជ័យ? ទីបំផុតជន​ចំណាកស្រុក​ ដែលកកកុញ​នៅតាមព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ចាប់ផ្តើម​ត្រឡប់​ទៅវិញ​បណ្តើរៗ

(វ៉ាស៊ីនតោន)៖ គោលនយោបាយ​ដ៏តឹងរ៉ឹង​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទំនងជាទទួល​បានជោគជ័យហើយ ដោយ​សារតែ​ជនអន្តោប្រវេសន៍​ដែលមកប្រមូលផ្តុំគ្នា​នៅក្បែរព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ទីបំផុតបានចាប់ផ្តើម​ត្រឡប់បកក្រោយ​វិញជាបណ្តើរៗ។ នេះបើតាម​ដកស្រង់ការ​ផ្សាយចេញ​ពីសារព័ត៌មានអាមេរិក The New York Times នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាម​សារព័ត៌មាន​ខាងលើ ជនភៀសខ្លួន​រាប់ពាន់នាក់ ដែលបាន​ធ្វើដំណើរក្នុងលក្ខណៈ​ជាទ្រង់ទ្រាយធំមក​កាន់ព្រំដែន​អាមេរិក-ម៉ិចស៊ីកូ​ ទីបំផុតបាន​សម្រេចបោះ​បង់ចោលការព្យាយាម​ឈានជើងចូលមក​កាន់ទឹកដីរបស់​សហរដ្ឋអាមេរិក​ហើយ ដោយសារ​តែកន្លងមកនេះ​​បាន​ប្រឈមមុខ​នឹងចំណាត់​​ការរឹតបន្តឹង​សន្តិសុខយ៉ាងរឹងមាំរបស់លោក ដូណាល់ ត្រាំ នៅឯព្រំដែន​អាមេរិក​ភាគខាងត្បូង។

ជនអន្តោប្រវេសន៍​ប្រមាណ ៦,០០០នាក់​ បានមកកាន់ព្រំដែនភាគ​ខាងត្បូង​សហរដ្ឋអាមេរិក ជាមួយក្តីប្រាថ្នាថា នឹងទទួលបានលក្ខខណ្ឌ​​រស់​នៅ​​ល្អ​ប្រសើរ​ជាងមុន ប៉ុន្តែក្តីស្រមៃ​របស់ពួកគេ នៃការចូល​មកកាន់ទឹកដីអាមេរិក​ដោយងាយៗ​នោះបានសាប​សូន្យទៅវិញ នៅ​ពេល​ជន​អន្តោ​​ប្រវេសន៍​​ទាំងនោះ បានជួបប្រទះ​​វិធានការតឹងរ៉ឹង ដូចជាការដាក់​កំហិតខ្លាំងលើ​ចំនួនមនុស្ស ដែល​អាច​ស្នើ​សុំ​​ជ្រក​​កោន​នៅ​អាមេរិក​ក្នុង​មួយ​ថ្ងៃៗ និង​ការ​ពង្រឹង​​​ស្តង់ដា​នៃ​លក្ខខណ្ឌ​ជាដើម។

បើតាម​កាសែត The New York Times គិតចាប់តាំងពី​ដែលក្រុមជនអន្តោប្រវេសន៍​ជើងដំបូង បានមកដល់​ព្រំដែន​អាមេរិក-ម៉ិចស៊ីកូ នៅខែ​វិច្ឆិកា ឆ្នាំ២០១៨ ពួកគេ​ប្រមាណ ១,០០០នាក់ បានកែប្រែ​គំនិតហើយព្រមជ្រកកោន​នៅត្រឹមប្រទេស​ម៉ិចស៊ីកូ ខណៈ​ប្រមាណជាង ១,០០០នាក់​ទៀត យល់ព្រមឲ្យ​អាជ្ញាធរម៉ិចស៊ីកូ បញ្ជូនត្រឡប់​ទៅកាន់ប្រទេសកំណើត​របស់ពួកគេវិញ។ ដោយឡែក​កាលពីថ្ងៃទី១១ ខែកុម្ភៈ អាជ្ញាធរ​​ព្រំដែន​អាមេរិក ចាប់ខ្លួនបានមនុស្សដ​ល់ទៅ ១,៨០០នាក់ ដែលបាន​ព្យាយាមជ្រៀតចូល​តាមចន្លោះរបង​ព្រំដែន​ មកក្នុង​សហរដ្ឋអាមេរិក។

គួរជម្រាបថា កាលពីថ្ងៃសុក្រ​សប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ន​ថ្នាក់ជាតិ ដើម្បីប្រមែប្រមូល​ថវិកាពីស្ថាប័ន​រដ្ឋាភិបាល ជាពិសេសពីកញ្ចប់ថវិកា​សម្រាប់គម្រោង​សាងសង់​របស់ក្រសួង​ការពារជាតិ ដើម្បីយកទៅ​កសាងជញ្ជាំងព្រំដែន​ដ៏រឹងមាំមួយ បន្ទាប់ពីសភា​​​អាមេរិកមិនព្រម​ផ្តល់លុយ​ចំនួន ៥.៧ពាន់លានដុល្លារ សម្រាប់គោលបំណង​នេះតាមការទាមទារ​របស់លោក៕