រដ្ឋមន្ត្រីការបរទេសជប៉ុន «បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហារ៉ូហ៊ីងយ៉ា» នៅមុខលោកស្រី អោងសាន ស៊ូជី!

(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានបង្ហាញក្តី​ព្រួយបារម្ភ​ជាពន់ពេក ចំពោះបញ្ហា​ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងជំនួបទ្វេភាគី​ជាមួយប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស​មីយ៉ានម៉ា លោកស្រី អោងសាន ស៊ូជី ក្នុងរដ្ឋធានីណៃពិដោ នៃសហភាព​មីយ៉ាន់ម៉ា។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia ដកស្រង់ពី​ទីភ្នាក់ងារ Reuters នារសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

ដំណើរបំពេញទស្សនកិច្ច​របស់មន្ត្រីជាន់ខ្ពស់​ជប៉ុនខាងលើនេះ ក៏បានពាំនាំនូវជំនួយ​មនុស្សធម៌​ប្រមាណ ២.៧លានដុល្លារផងដែរ ជូនដល់អាជ្ញាធរ​មីយ៉ាន់ម៉ា ដើម្បីបំពេញ​ការងារ​សម្រួល​ជនភៀសខ្លួន​ពីបង់ក្លាដែស ត្រឡប់ចូលមកកាន់ប្រទេស​មីយ៉ាន់ម៉ា​វិញ។ របាយការណ៍ពីអង្គការ UN បានឲ្យដឹងថា មកទល់នឹងពេលនេះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនជាង ៦៥០,០០០នាក់ កំពុងតែ​ស្នាក់​នៅក្នុង​ជម្រកបណ្តោះអាសន្ន នៅតាមព្រំដែន​បង់ក្លាដែស។

ជុំវិញបញ្ហាខាង​លើនេះ អ្នកទទួលបន្ទុកធ្ងន់ក្នុង​ការប្រឈមមុខ​ចំពោះ​សម្ពាធពីអន្តរជាតិ គឺ​រដ្ឋាភិបាល​លោកស្រី ស៊ូជី និងយោធា​មីយ៉ាន់ម៉ា ដែលត្រូវបាន​អន្តរជាតិចោទប្រកាន់ថា បាននិងកំពុងធ្វើទុក្ខបុកម្នេញ​ដល់ ជនជាតិរ៉ូហ៊ីងយ៉ា​រាប់លាននាក់ រស់នៅក្នុងរដ្ឋរ៉ាឃីន ជាប់ព្រំដែនប្រទេសបង់ក្លាដែស។ ប៉ុន្តែការចោទ​ប្រកាន់នេះ ត្រូវបានយោធា​​មីយ៉ាន់ម៉ា​​ឆ្លើយតបវិញថា ខ្លួនបានចាត់វិធានការ​កន្លងមក គឺដើម្បីការពារ​​សន្តិសុខក្នុងរដ្ឋ ពីការគំរាមកំហែង​ដោយក្រុមភេរវករ​ជនជាតិភាគតិចតែប៉ុណ្ណោះ៕