ប្រទេសអូស្រ្តាលីនិយាយថា រដ្ឋាភិបាលបរទេសជាអ្នកនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធកុំព្យួទ័រមកលើសមាជិកសភា

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្រ្តាលី លោក ស្កត់ ម៉ូរីសាន់ បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ មកលើសមាជិកសភារបស់ប្រទេសអូស្រ្តាលី ​ដែលធ្វើឲ្យប៉ះពាល់បណ្តាញរបស់គណៈបក្សនយោបាយធំ ៗ គឺទំនងជាបង្កឡើងដោយប្រទេសមួយ ។

លោកនាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្រ្តាលី មិនបានបញ្ចេញឈ្មោះប្រទេសនោះទេ ក្នុងពេលលោកថ្លែងទៅកាន់សម័យប្រជុំមួយរបស់សភា ដោយលោកនិយាយថា មន្ត្រីជំនាញខាងកុំព្យូទ័ររបស់អូស្រ្តាលី ជឿថា មានប្រទេសមួយដែលមានបច្ចេកទេសទំនើបខាងកុំព្យូទ័រ ជាអ្នកទទួលខុសត្រូវបង្កសកម្មភាពអាក្រក់នេះ ។

ក្នុងពេល ដែលប្រទេសអូស្រ្តាលីកំពុងត្រៀមរៀបចំការបោះឆ្នោតនៅក្នុងខែ ឧសភាខាងមុខនេះ សមាជិកសភាត្រូវបានគេជូនដំណឹង ឲ្យប្តូរលេខសំងាត់របស់ខ្លួន បន្ទាប់ពីមានការរកឃើញថាមានការវាយប្រហារចូលក្នុងបណ្តាញកុំព្យូទ័រ របស់សភាប្រទេសអូស្រ្តាលី មក ។