អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាប់របស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលមានចរិតជាការបំភ្លៃ ចំពោះសំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទឈ្មោះ កឹម សុខា

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនគោរពអធិបតេយ្យរដ្ឋឯករាជ្យកម្ពុជា និងមានចេតនាបំភ្លៃ និងបំភាន់ការអនុវត្តនីតិវិធីច្បាប់របស់តុលាការកម្ពុជាក្នុងសំណុំរឿងរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាប់របស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលមានចរិតជាការបំភ្លៃ និងការបំភ័ន្តការយល់ដឹងរបស់សាធារណមតិចំពោះករណ៏សំណុំរឿងព្រហ្មទណ្ឌដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ហើយទម្លាក់កំហុសដោយអសុទ្ធចិត្តលើស្ថាប័នអនុវត្តច្បាប់កម្ពុជាដែលបានអនុវត្តតួនាទីសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ ត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដ៏ទទូចដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ឱ្យបញ្ឈប់ការបកស្រាយដោយបំភ័ន្ត និងលាបពណ៌នយោបាយទៅលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច និងតុលាការ ដោយសូមទុកកិច្ចការនេះជូនស្ថាប័នតុលាការរបស់កម្ពុជាចាត់ការតាមច្បាប់របស់កម្ពុជាក្នុងឋានៈជារដ្ឋអធិបតេយ្យ ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖