ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ប្រវែង ១៩០ គ​.​ម នឹង​ចាប់ផ្តើម​ខាង​សង់​នៅ​ខែមីនា​នេះហើយ​!

(​ភ្នំពេញ​)៖ ការសាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ នឹង​ចាប់ផ្តើម​សាងសង់ នៅ​ខែមីនា​ខាងមុខ​នេះហើយ​។ នេះ​បើតាម​លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។​

​លោក វ៉ា ស៊ីម​សូរិយា ត្រូវបាន​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា http://www.cpp.org.kh ស្រង់​សម្តី មក​ផ្សាយ​ថា “​ការកំណត់​ពេលវេលា​សាងសង់​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជាក់លាក់​ហើយ តែ​ជួនកាល​ការដោះស្រាយ​ផលប៉ះពាល់ មិន​រួច​ទាន់ពេលវេលា ក៏​អាចធ្វើ​ឲ្យ​គំរោង​នេះ​ដំណើរការ​ដែរ​។ ខ្ញុំ​គ្រាន់តែ​អាច​បញ្ជាក់បាន​ថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ប្រាប់ថា ការសាងសង់​ផ្លូវ​នេះ នឹងធ្វើ​នៅ​ខែមីនា​ខាងមុខនេះ​”​។​

​លោក វ៉ា ស៊ីម​សូរិយា បន្តថា ផ្លូវ​នេះ នឹង​ចេញដំណើរ​នៅ​ចំណុចប្រសព្វ​គ្នា​នៃ​ផ្លូវ​រថភ្លើង ដែល​ស្ថិត​នៅក្បែរ​តំបន់​កប់​ស្រូវ និង​ស្ថិតនៅ​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ​៤ ហើយ​ផ្លូវ​នេះ​នឹង​រត់​ស្របគ្នា​ជាមួយ​ផ្លូវជាតិ​លេខ​៤ ប្រមាណ ៣០​គីឡូម៉ែត្រ និង​នៅពេល​ទៅជិត​ដល់ទី​រួម​ខេត្តកំពង់ស្ពឺ ផ្លូវ​នេះ​នឹង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ងាក​មក​ឆ្វេង​ដៃ​។

​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្តថា បន្ទាប់ពី​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ងាក​មក​ឆ្វេង​ដៃ ផ្លូវ​នេះ នឹង​រត់​ស្របគ្នា​នឹង​ផ្លូវជាតិ​លេខ​៤ នៅ​ផ្នែក​ខាងឆ្វេង​ដៃ រហូតដល់​ស្រុក​ព្រៃនប់ ទើប​ផ្លូវ​នេះ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ មក​ខាងស្តាំ​ដៃ​វិញ ហើយ​បន្ត​រហូតដល់​សមុទ្រ​នៃ​ទឹកដី​ក្រុងព្រះសីហនុ​តែម្តង​។​

​លោក វ៉ា ស៊ីម​សូរិយា បន្តថា ផ្លូវ​នេះ នឹង​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ប្រទេស​ចិន ដែល​បាន​នាំចូល​គ្រឿងចក្រ​តម្លៃ ១០០​លាន​ដុល្លារ មកដល់​កម្ពុជា​រួចហើយ​។ ក្រុមហ៊ុន​នេះ ក៏​ទទួលបន្ទុក​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នាពេលខាងមុខ​ផងដែរ​។​

​លោក វ៉ា ស៊ីម​សូរិយា បាន​បន្ថែមថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​សាងសង់​មាន​របង​នៅ​សងខាង ដើម្បី​ធ្វើយ៉ាងណា​មិន​ឲ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន ព្រោះ​វា​រំខាន​ដល់​ការធ្វើដំណើរ និង​មិនអាច​បើកបរ​បាន​លឿន ព្រោះ​ល្បឿន​នៃ​ការបើកបរ​នៅលើ​ផ្លូវ​នេះ អ្នកបើកបរ​អាច​បើកបរ​ក្នុង​ល្បឿន ១២០ ទៅ ១៦០ គ​.​ម ក្នុង​មួយ​ម៉ោង​បាន​។​

​កាលពី​ចុងឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង ដែលមាន​ប្រវែង​សរុប​ប្រហែល​ជាង ១៩០ គ​.​ម ដោយ​គ្រោង​ចំណាយ​ប្រមាណ ២០០០ លាន​ដុល្លារ​។ ផ្លូវ​នេះ ត្រូវ​សាងសង់​ជា ០៤​គន្លង តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ ក្រាល AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល ចេញពី​ភ្នំពេញ នៅ​ចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​៣ មាន​ផ្លូវបំបែក​ប្តូរ​ទិស (Inter-Change) ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង​-​មធ្យម ៥៦​កន្លែង ប្រវែង ៤.៤១៧​ម៉ែត្រ ស្ពាន​ខ្លី ៣៣​កន្លែង ប្រវែង ៧៥០​ម៉ែត្រ ស្ពាន​រំលង ៣២១​កន្លែង កន្លែង​ឈប់សម្រាក ៣​កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគ​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​អនុវត្តតាម​ទម្រង់​សាងសង់​-​ប្រតិបត្តិ​-​ផ្ទេរ (BOT) ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤៨ ខែ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សម្បទាន កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​៕