ថៃហាមឃាត់មិនឱ្យលក់គ្រឿងស្រវឹងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខាងមុខនេះ

ថៃ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងស្រវឹង (Alcohol Control Committee) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីហាមឃាត់ការលក់ភេសជ្ជៈដែលមានជាតិអាល់កុល ឬគ្រឿងស្រវឹង នៅក្នុងថ្ងៃឈប់សម្រាករបស់ជាតិ ប៉ុន្តែវានឹងត្រូវទទួលបានការយល់ព្រមពីគណៈកម្មការគោលនយោបាយគ្រឿងស្រវឹង (Alcohol Policy Committee) ជាមុនសិន មុនពេលវាត្រូវបានអនុវត្តឱ្យមានប្រសិទ្ធិភាព។

ACC បានសម្រេចចិត្តហាមឃាត់ការលក់គ្រឿងស្រវឹងនេះ ពីព្រោះស្ថិតិគ្រោះថ្នាក់ចរាចរណ៍របស់ថៃ គឺមានចំនួនខ្ពស់បំផុតក្នុងកំឡុងពេលចូលឆ្នាំជារៀងរាល់ឆ្នាំ។ ថ្ងៃ ទី១៣ ខែមេសា គឺជាថ្ងៃចូលឆ្នាំប្រពៃណីថៃ និងជាថ្ងៃដែលប្រជាជនមានការធ្វើដំណើរច្រើនតាមដងផ្លូវ ហើយទោះបីជាអ្នកមិនពិសាស្រា ក៏អ្នកអាចរងគ្រោះថ្នាក់ពីអ្នកដទៃដែលផឹកស្រា។ ដូច្នេះហើយដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ណាមួយដោយសារគ្រឿងស្រវឹង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងស្រវឹងក៏បានសម្រេចចិត្តស្នើឱ្យមានច្បាប់មួយនេះ៕