អា​មេ​រិ​ក​ក្រឡុក​ឥត​ឈប់​ដល់​ថ្នាក់​អា​ល្លឺ​ម៉​ង់​ព្រួយបារម្ភ​ពី​ឥទ្ធិពល​តម្លើង​ពន្ធ​បន្ថែម

អា​ល្លឺ​ម៉​ង់ ៖ ភ្នាក់ងារ​សារ​ព័​ត៌​មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ មក​ថា អ្នកស្រី​អធិកា​បតី​អា​ល្លឺ​ម៉​ង់ Angela Merkel បាន​និយាយ​ថា ការ​ដែល​សហរដ្ឋអាមេរិក​គម្រាម​ដាក់​ពន្ធ​លើ​រថយន្ត​អឺរ៉ុប​គឺ​ពិតជា​ព្រួយបារម្ភ​ណាស់ ។

អ្នកស្រី​បាន​និយាយ​ថា «​ប្រសិនបើ​រថយន្ត​ទាំងនេះ​… ស្រាប់តែ​ក្លាយជា​ការ​គម្រាមកំហែង​ដល់​សន្តិសុខ​អា​មេ​រិ​ក នោះ​វា​ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​សម្រាប់​ពួក​យើង​»​។

អ្នកស្រី​បាន​បញ្ជាក់​ថា រោងចក្រ​រថយន្ត​ធំ​ចាង​គេ​របស់​ក្រុមហ៊ុន BMW មិនមែន​ស្ថិត​ក្នុង​រដ្ឋ Bavaria របស់​អា​ល្លឺ​ម៉​ង់​ទេ តែ​ស្ថិត​ក្នុង​រដ្ឋ South Carolina របស់​សហរដ្ឋអាមេរិក​ទៅ​វិញ​ដែល​ត្រូវ​បាន​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​ចិន ។

អ្នកស្រី​បាន​បន្ត​ថា «​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​វា​នឹង​ល្អ​ប្រសិនបើ​ពួក​យើង​អាច​បន្ត​ការ​ចរចា​ផ្លូវការ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ហើយ​ពួក​យើង​នឹង​ស្វែងរក​ដំណោះស្រាយ​មួយ​»​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រភព​ពីរបាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ថា​របាយការណ៍​មួយ​របស់​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​សម្រេច​ថា ​ការ​នាំ​ចូល​យានយន្ត​ផ្តល់​ការ​គម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ​អា​មេ​រិ​ក ដែល​អាច​បង្ក​ឲ្យ White Hoise ពិចារណា​លើ​ការ​ដាក់​ពន្ធ ។

ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​បញ្ជា​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ដូ​ណា​ល់​ ត្រាំ (Donald Trump) កាលពី​ខែឧសភា ។

លោក​ប្រធានាធិបតី​ ត្រាំ ​ធ្លាប់​គម្រាម​ដាក់​ពន្ធ២៥%​លើ​យានយន្ត​នាំ​ចូល​ពី​អឺរ៉ុប ជា​ពិសេស​គឺ​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​លោក​បាន​អះអាង​ថា បង្ក​ការ​ប៉ះពាល់​ដល់​វិស័យ​រថយន្ត​អា​មេ​រិ​ក ។

បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​នេះ លោក​ប្រធានាធិបតី​ខាងលើ​មាន​រយៈពេល​៩០​ថ្ងៃ​ក្នុង​ការ​សម្រេចចិត្ត​ថា​នឹង​មានការ​ដាក់​ពន្ធ​ឬទេ ។

កាលពី​ខែកក្កដា​ឆ្នាំ​មុន លោក​ប្រធានាធិបតី​ត្រាំ​បាន​ព្រមព្រៀង​គ្នា​ជាមួយនឹង​លោក Jean-Claude Juncker ដែល​ជា​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ដោយ​សន្យា​ថា​មិន​មានការ​ដាក់​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​ខណៈ​ដែល​ស្ថិត​ក្នុង​ដំណើរការ​ចរចា ៕