លោក​អា​បេ​ជា​អ្នក​ជ្រើស​លោក​ត្រាំ​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព

សហរដ្ឋអាមេរិក​-​ជប៉ុន ៖ សារព័ត៌មាន​ជប៉ុន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ ជា​អ្នក​ជ្រើសរើស​លោក​ដូ​ណា​ល់​ត្រាំ សម្រាប់​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លង​ទៅ តាម​សំណើ​របស់​រដ្ឋការ​អា​មេ​រិ​ក​។

ព័ត៌មាន​ទាំងនេះ​លេច​ចេញ​បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍ របស់​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​អះអាង​កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា លោក​ស៊ី​ន​ហ្សូ​អា​បេ​បាន​ប្រគល់​ជូន​លោក នូវ​សារលិខិត​មួយ​ច្បាប់​មាន​៥​ទំព័រ ពី​ការ​ជ្រើសរើស​រូប​លោក សម្រាប់​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព ព្រោះតែ​លោក​បាន​បើក​ការ​ចរចា ហើយ​សម្រាល​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង​។

យោង​តាម​កាសែត​អាសា​ហ៊ី ដែល​ដកស្រង់​ប្រភព​នានា​របស់​រដ្ឋាភិបាល​ថា រដ្ឋការ​អា​មេ​រិ​កបាន​ស្នើ​ដល់​លោក​អា​បេ កាលពី​ខែមិថុនា​កន្លង​ទៅ ក្រោយ​ការ​ជួប​គ្នា​កំពូល​លើក​ទី​មួយ​រវាង​លោក​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​សិង្ហ​បុរី​។
អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​ជប៉ុន និយាយ​ថា បានដឹង​ពី​សេចក្ដីថ្លែងការណ៍​របស់​លោក​ត្រាំ ប៉ុន្តែ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​ទាក់ទង​គ្នា​រវាង​មេដឹកនាំ​ទាំង​២​ឡើយ​។

សេត​វិមាន​មិន​បាន​ឆ្លើយ​នឹង​សំនួរ​ពី​រឿង​នោះ​របស់​រ៉​យ​ទ័​រ​ឡើយ​។ យោង​តាម​វេ​ប​សាយ​របស់​មូលនិធិ​ណូបែល​ថា បេក្ខភាព​សម្រាប់​ទទួល​ពានរង្វាន់ អាច​ដាក់​ដោយ​គ្រប់​មនុស្ស​ទាំងអស់ ឲ្យ​តែ​ការ​ជ្រើសរើស​បេក្ខភាព​នោះ វា​សម​ស្រប​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ ក្នុង​នោះ​ក៏​រួម​មាន​បេក្ខជន​ជា​ប្រមុខរដ្ឋ​កំពុង​កាន់​អំណាច​ផង​ដែរ​៕