ជំរុញ​មន្ត្រី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ទំលាក់​ខ្សែ​កា​ប្លិ៍ ទៅក្នុង​ដី ឱ្យបាន​លឿន​

(​ភ្នំពេញ​)៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ផង និង​ដាក់​បញ្ជា​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ទំលាក់​ខ្សែ​កា​ប្លិ៍​ទៅក្នុង​ដី​​នៅតាម​មហាវិថី​ធំៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​ការងារ​ឱ្យបាន​លឿន និង​ទាន់ពេលវេលា ដើម្បី​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់ ពី​ប្រជាពលរដ្ឋ ។ (រូប៖Sabay)
​ ​
​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ក្នុងពេលដែល​លោក​​ដឹកនាំ​កិច្ចប្រជុំ​មួយ ជា​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​អនុវត្ត​ការងារ​ទំលាក់​ខ្សែ​កា​​ប្លិ៍​ទៅក្នុង​ដី​។​
​ ​
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង ក្រោយ​កិច្ចប្រជុំ​នេះ​ថា ដោយសារតែ​កន្លងមក​នេះ​មាន​ក្រុមហ៊ុន​​ខ្សែ​កា​ប្លិ៍​មួយចំនួន នៅពេល​ទំលាក់​ខ្សែ​កា​ប្លិ៍ ចូលទៅ​ក្រោម​ដី​វិញ ឃើញថា​បាន​បំពេញការងារ​បានល្អ តែ​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ឯកជន​​នេះ​មួយចំនួន អនុវត្ត​ការងារ​មិនទាន់​បានល្អ​ផងដែរ ដែលជា​ហេតុ​បង្កឱ្យមាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។
​ ​
​លោក​បន្តទៀតថា​៖ ការ​ថ្នាំងថ្នាក់​នោះ ដោយសារតែ​ពួកគាត់​ជីកដី​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ ទុក​រយៈពេល​យូរពេក​និង​ជីកដី​មាន​ប្រវែង​​វែង​ពេក មុន​នៃ​ការ​កប់​វិញ ហើយ​ការជីក​កប់​នោះ មាន​ចំណុច​ខ្លះ ក៏​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ផងដែរ​។ ដូច្នេះហើយ​ទើប​​លោក​អភិបាល​រាជធានី​ភ្នំពេញ ជំ​រុញឱ្យ​ពង្រឹង​ការងារ​នេះ​ឡើងវិញ​។ ដោយ​ស្នើឱ្យ​ក្រុមហ៊ុន​ធ្វើការ​កែលម្អ​ឡើងវិញ​ពិសេស​នៅ​កំណាត់​​ផ្លូវ​ព្រះ​នរោត្តម​។ ចំណែក​ផ្លូវ​ផ្សេងៗ​ទៀត ក៏​ត្រូវតែ​អនុវត្ត​ការងារ​នេះ ឱ្យ​បានល្អ​ផងដែរ​៕​ដោយ​៖​រ៉ា​ម៉ន​/sn